ចាន់ រីយា ជាឈ្មោះមនុស្សស្រីស្រស់ស្អាតម្នាក់ដែលបាន Add Friend មកខ្ញុំកាលពីពាក់កណ្តាលខែតុលា។ ជាការធម្មតាសម្រាប់ខ្ញុំ មិនថាស្រី ឬប្រុសឡើយខ្ញុំតែងតែ Confirm ជានិច្ចដោយមិនដែលគិតខ្វល់ពីអ្វីទេ។ ចម្លែកតែការ Confirm មួយនេះ ព្រោះថាគ្រាន់តែ Add ភ្លាម គេបាន Chat មកខ្ញុំភ្លាម។ ការសន្ទនារបស់យើងចាប់ផ្តើមដោយពាក្យគួរសម និងរាក់ទាក់គ្នាទៅវិញទៅមក ព្រោះថាយើងទាំងពីរនាក់មិនដែលស្គាល់គ្នាទេពីមុនមក។ ពួកយើងហាក់ដូចជាមានការចុះសម្រុងនឹងគ្នាគួរសម ព្រោះថាគេក៏ទំនេរ ចំណែកខ្ញុំក៏មិនទាន់មានសង្សារនៅឡើយដែរ ដូចនេះពួកយើងមានពេលវេលាគ្រប់គ្រាន់សម្រាប់សន្ទនាគ្នា។ ការសន្ទនានេះបានបន្តរហូតដល់ម៉ោងប្រមាណជា ៣ទៀបភ្លឺ ទើបយើងទាំងពីរហាក់ដូចជាអស់កម្លាំងរៀងៗខ្លួន ក៏បានលាគ្នា ហើយចូលគេងរៀងខ្លួនទៅ។ ក្រលេកមកខ្ញុំវិញ មិនទាន់គេងលក់ភ្លាមនោះទេ ដូចមានអារម្មណ៍ថាមនុស្សស្រីម្នាក់ខាងលើ មានចរិត្ត និងអាកប្បកិរិយាល្អ និងមានចិត្តចាប់អារម្មណ៍នឹងសម្តីសម្តៅរបស់នាង ព្រោះថារាល់ពាក្យសម្តីរបស់នាង ដែលបានវាចាចេញមក គឺមានការយល់ដឹងខ្ពស់ គំនិតទូលំទូលាយ។ នេះអាចបញ្ជាក់បានថា នាងជានារី ដែលមានកម្រិតវប្បធម៌ខ្ពស់។ បន្ទាប់ពីមើលរាល់ការសន្ទនាមុននេះសារឡើងវិញ ខ្ញុំហាក់ងងុយគេងដែរហើយ។
ជាប្រចាំ ខ្ញុំតែងតែ Online ព្រោះថាពេលខ្លះគ្រូមិនបង្រៀនគឺខ្ញុំនៅតែផ្ទះទេ មិនដែលចេញទៅក្រៅដើរលំហែរ មើលគេមើលឯងទេ ព្រោះថ្បិតថាខ្ញុំមិនសូវមានមិត្តភក្តិ និងមិនសូវទម្លាប់ដើរហើរទៅណាផ្តេសផ្តាសឡើយ។ មានតែការលេង Game, ស្តាប់ចម្រៀង លេងFacebook និងការប្រើInternet ទេដែលជាមិត្តភក្តិដែលជិតស្និទ្ធ និងតែងតែនៅជាមួយខ្ញុំជានិច្ច។
តែថ្ងៃនេះដូចជាចម្លែកក្នុងចិត្ត ព្រោះថាខ្ញុំតែងតែឆែក Facebook ខ្ញុំជានិច្ច ព្រោះដូចជាមានអារម្មណ៍ថាកំពុងតែរង់ចាំអ្នកណាម្នាក់ Chat មកខ្ញុំ។ ម៉ោង ៨យប់ហើយ ខ្ញុំមិនបានទៅណាទេថ្ងៃនេះ ព្រោះថាគ្រូមិនបង្រៀនផង ខ្ញុំតែនៅផ្ទះ និងកំពុងតែ Online ជាធម្មតា។ តើខ្ញុំកំពុងតែគិតអ្វី? ហេតុអ្វីបានជាមានកូនចិត្តគិតពីមនុស្សម្នាក់ ដែលទើបតែស្គាល់គ្នាយ៉ាងនេះ? មិនអស់ចិត្តទេ ចេះតែរសាប់រសល់ នៅមិនស្ងៀម ក៏ដាច់ចិត្ត Chat ទៅគេមុន។ Good Evening… How are u today? មិនយូរប៉ុន្មាន Facebook របស់ខ្ញុំក៏Alert ហើយឃើញច្បាស់ថា មនុស្សដែលយើងកំពុងរង់ចាំទេតើ! ខ្ញុំក៏ប្រញាប់ប្រញាល់ Chat តបទៅនាងភ្លាម។ ការសន្ទនារបស់យើងទាំងពីរហាក់មានភាពរលូន ស៊ីសង្វាក់ និងយល់ចិត្តគ្នាណាស់។ យើងទាំងពីរនាក់ចាប់ផ្តើម មានទំនាក់ទំនង និង Chat ទៅគ្នារៀងរាល់ថ្ងៃ មិនដែលខកខានទេ។ ប៉ុន្តែអ្វីដែលខ្ញុំឆ្ងល់នោះ គឺនាងហាក់ចាប់ផ្តើមហួងហែង បារម្ភពីខ្ញុំ ខុសប្លែកពីការ Chat រាល់ដង។ និយាយតាមត្រង់គឺខ្ញុំក៏មានចិត្តលើរូបនាងដែរ ប៉ុន្តែឲ្យធ្វើយ៉ាងណា? ព្រោះថានាងរស់នៅឆ្ងាយពីខ្ញុំណាស់ គឺនាងរស់នៅខេត្ត ចំណែកខ្ញុំនៅភ្នំពេញ ម្យ៉ាងពួកយើងមិនដែលឃើញមុខគ្នាផង ទើបខ្ញុំសម្រេចចិត្តសុំនាងឲ្យផ្ញើររូបថតរបស់នាង ជាថ្នូរនឹងរូបភាពរបស់ខ្ញុំតាមរយៈ Chat ឲ្យគ្នាមើលទៅវិញទៅមក។ ខ្ញុំមិនមែនជាប្រុសសង្ហារអីទេ ហើយក៏មិនមែនជាអ្នកមានស្តុកស្តម្ភអីដែរ ចំណែកនាងជាស្រ្តី ដែលមើលទៅគួរឲ្យស្រឡាញ់ និងមានឥរិយាមាយាទរម្យទម និងមានជីវភាពស្តុកស្តម្ភគួរសម។ បន្ទាប់ពីឃើញមុខគ្នាទៅវិញ ទៅមកហើយការសន្ទនារបស់ពួកយើងនៅតែបន្ត និងមានភាពស្អិតរមួត ជាងមុនៗ។ ទំនាក់ទំនងមួយនេះ មិនងាកក្រោយឡើយ ព្រោះថាពួកយើងចេះតែមានអារម្មណ៍ល្អទៅវិញទៅមក យល់ចិត្តនិងបារម្ភពីគ្នាទៅវិញទៅមក។ គិតៗទៅ ខ្ញុំនិងនាង បានទាក់ទងគ្នា ដោយសារ Chat ប៉ុណ្ណោះ ធា្លប់សុំលេខទូរស័ព្ទនាងដែរ ប៉ុន្តែនាងថានាងមិនប្រើទូរស័ព្ទទេ។ ខ្ញុំក៏មិនដេញដោលអ្វីដែរ ព្រោះហេតុតែមានចិត្តលួចស្រឡាញ់ (មិនយកទោសព្រោះស្នេហ៍.mp3)។ រៀងរាល់ថ្ងៃ នាងតែងតែអោយខ្ញុំថតរូប និងផ្ញើរឲ្យនាង ហើយនាងក៏ផ្ញើរមកខ្ញុំវិញជាប្រចាំដែរ មិនលោះថ្ងៃឡើយ។ នាថ្ងៃ២៦ តុលា ២០១៣ ខ្ញុំក៏បានសម្រេចចិត្ត Post រូបរបស់ខ្ញុំនៅលើ Wall របស់នាងជាលើកដំបូង ព្រមទាំង Tag ឲ្យនាងទៀតផង។ នាងបាន Comment ថាខ្ញុំថតចឹងទៅធ្វើចរឹត្តដូចកូនក្មេង ហើយប្រាប់ថាពេញចិត្តរូបភាពមួយនេះជាងគេ។ ទំនាក់ទំនងយើងទាំងពីរ កាន់តែមានភាពស្និទ្ធស្នាលឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាហេតុនាំឲ្យខ្ញុំសម្រេចចិត្តសារភាពស្នេហ៍ប្រាប់នាង ព្រោះថាយើងទាំងពីរនាក់សុទ្ធតែនៅទំនេរ និងធុញទ្រាន់នឹងជីវិតដែលរស់នៅគ្មានសេចក្តីស្នេហា។ បងស្រឡាញ់អូន រីយា! ជាពាក្យដែលខ្ញុំបានផ្ញើរទៅកាន់នាង ជំនួសឲ្យគូស្នេហ៍ដទៃ ដែលតែងតែនិយាយពាក្យនេះដោយផ្ទាល់មាត់ និងនៅចំពោះមុខមនុស្សដែលខ្លួនស្រឡាញ់។ ប៉ុន្តែខ្ញុំមិនខ្វល់ឡើយ ព្រោះថាទោះរូបកាយរស់នៅឆ្ងាយក្តី ឲ្យតែមានការស្រឡាញ់ពិត វាមិនមែនជាឧបសគ្គទេ ព្រោះថាគង់មានថ្ងៃណាមួយពួកយើងនឹងអាចមានថ្ងៃជួបគ្នាជាក់ជាមិនខាន។ ចំណែកនាងវិញ បានតបមកខ្ញុំវិញ ដោយមិនឲ្យខ្ញុំអស់សង្ឃឹមឡើយ (នេះជាពាក្យសម្តីដែលខ្ញុំរង់ចាំអានជាយូរមកហើយ! អូនក៏ស្រឡាញ់បងដែរ បងទូ!)។ សេចក្តីស្នេហាតាម Facebook មួយនេះក៏ចាប់ផ្តើមមានកំណើតឡើង។
ជាធម្មតាសម្រាប់គូស្នេហ៍ តែងតែពោលពាក្យពិរោះពិសា ពាក្យពេជន៍ផ្អែមល្អែម ដាក់គ្នាទៅវិញទៅមក ដូចគូស្នេហ៍ខ្ញុំដែរ។ ប៉ុន្តែនាងតែងតែហួងហែង និងបារម្ភពីខ្ញុំណាស់ ព្រោះថានាអាយុ ២០ឆ្នាំនេះ វាជាលើកដំបូងហើយសម្រាប់នាង ដែលចេះមានចិត្តស្រឡាញ់មនុស្សប្រុស។ ខ្ញុំក៏យល់ចិត្តនាងដែរ តែងតែ Care ពីនាង និងមិនធ្វើឲ្យនាងពិបាកចិត្តដោយសារខ្ញុំឡើយ។ ថ្វីត្បិតតែពេលខ្លះខ្ញុំធ្វើឲ្យនាងខឹង ប៉ុន្តែខ្ញុំតែងតែលួង និងតាមធ្វើឲ្យនាងរីករាយឡើងវិញ(កើតមកដើម្បីតែលួងគេ.mp3)។ រាល់ពេលនាងខឹង នាងតែងតែ Post Status ដែលមានអត្ថន័យឈឺចាប់ នឹងបញ្ឆិតបញ្ឈៀង មិនតតាំង និងនិយាយពាក្យអាក្រក់ដាក់ខ្ញុំឡើយ។ នេះហើយជាចំណុចមួយក្នុងចំណោមចំណុចជាច្រើន ដែលធ្វើឲ្យខ្ញុំលង់ស្រឡាញ់នារីម្នាក់នេះ កាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ នាថ្ងៃទី ១ វិច្ឆិកា ២០១៣ ខ្ញុំក៏បាន Add Life Events របស់ខ្ញុំ ហើយដាក់ In a Relationship ជាមួយនាង។ អ្វីៗដំណើរការទៅជាប្រក្រតី ប៉ុន្តែមានថ្ងៃមួយនោះ មានរឿងយល់ច្រឡំមួយដ៏ធំ បានកើតឡើង គឺដោយសារ Facebook Account របស់ខ្ញុំត្រូវបានគេ Hacked។ ស្មានតែអ្នកណា រីយា បានប្រាប់ខ្ញុំថា ជាសង្សារចាស់របស់ខ្ញុំដែលបាន Chat ទៅគេ ជាភស្តុតាងដែលអាចបញ្ជាក់បានថា គ្មានអ្នកណាក្រៅពីសង្សារចាស់ខ្ញុំទេ ដែលជាអ្នក Hacked ព្រោះថា Account នេះខ្ញុំបង្កើតយូរណាស់ហើយ ហើយគេក៏បានស្គាល់ Password របស់ខ្ញុំដែរ។ ជាសំណាងល្អ ដែលសង្សារសំណព្វចិត្តខ្ញុំ ព្រមលើកលែងទោសឲ្យ ព្រោះថាខ្ញុំនិងសង្សារចាស់ខ្ញុំបែកគ្នាជាយូរណាស់មកហើយ ពោលគឺជិត១ឆ្នាំទៅហើយ។ ខ្ញុំក៏បានដាក់ In a Relationship ជាមួយ រីយា សាជាថ្មីនាថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៣ ព្រមទាំងសន្យាជាមួយនាង និងសន្យានៅក្នុងចិត្តខ្លួនថា ទោះបីនាងមិនមែនជា មនុស្សដំបូងសម្រាប់ខ្ញុំក៏ដោយ ប៉ុន្តែជាមនុស្សចុងក្រោយបំផុត និងជាមនុស្សតែម្នាក់គត់ដែលខ្ញុំចង់ចំណាយពេលវេលាក្នុងជីវិតទាំងប៉ុន្មានជាមួយនាង។ ខ្ញុំមានបទពិសោធន៍គួរសមក្នុងរឿងស្នេហា ដូច្នេះខ្ញុំហាក់មានអារម្មណ៍ថាហត់នឿយក្នុងការដូរសង្សារចុះឡើង និងភាពសាវាណាស់ ព្រោះចង់មានគូរជីវិតដូចអ្នកដទៃ ដែលមើលទៅហាក់មានសេចក្តីសុខ និងសុភមង្គលណាស់ និយាយរួមគឺខ្ញុំចង់បាន ចាន់ រីយា ជាគូអនាគតរបស់ខ្ញុំតែម្តង។ ចំណែកនាងវិញក៏បានសន្យាជាមួយខ្ញុំថា ខ្ញុំជាមនុស្សដំបូង និងជាមនុស្សចុងក្រោយសម្រាប់នាងដែរ។ ប៉ុន្តែចំឡែកត្រង់ថា រាល់ទំនាក់ទំនងរបស់យើងទាំងពីរគឺធ្វើឡើងតាមរយៈ Facebook Chat ប៉ុណ្ណោះ រហូតមកដល់ពេលកំពុងតែសរសេរនេះខ្ញុំមិនដែលនឹងលឺសូម្បីតែសម្លេងរបស់នាងផង។ ចំណែកខ្ញុំវិញ ពេលខ្លះបានផ្ញើរជា Voice messages ទៅនាង ក្នុងគោលបំណងចង់ស្តាប់សម្លេងមនុស្សសំខាន់របស់ខ្ញុំ ប៉ុន្តែអ្វីគឺផ្ទុយពីការស្រមើស្រមៃរបស់ខ្ញុំទាំងស្រុង។ មិនយូរប៉ុន្មានថ្ងៃកំណើតរបស់ខ្ញុំបានមកដល់។ មិនមានអ្វីពិសេសទេសម្រាប់ខ្ញុំនាឆ្នាំនេះ ថែមទាំងកំសត់ថែមទៀតផង ព្រោះថាកាដូរបស់ខ្ញុំនាឆ្នាំនេះគឺការទៅគេងនៅផ្ទះមិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំតែម្នាក់គត់ ហើយបានញាំមីស៊ុបមួយចានជាមួយនឹងគ្រួសាររបស់គេ។ វាស្តាប់ទៅហាក់មិនមានអ្វីអស្ចារ្យទេសម្រាប់អ្នក់ទាំងអស់គ្នា ប៉ុន្តែសម្រាប់ខ្ញុំគឺមានតម្លៃ និងអត្ថន័យណាស់ ព្រោះជារៀងរាល់ឆ្នាំខ្ញុំតែងតែដើរលេងតែម្នាក់ឯង ឬក៏ជាមួយមិត្តភក្តិជិតស្និទ្ធខ្ញុំម្នាក់នេះស្ទើររាល់ឆ្នាំ។ ប៉ុន្តែក៏សូមអរគុណទៅមិត្តរបស់ខ្ញុំដែរ ដែលយល់ពីភាពឯការបស់ខ្ញុំ គ្រាន់តែគេមិននិយាយ អរគុណចំពោះអារម្មណ៍ដែលកក់ក្តៅមួយនេះ។ ងាកទៅសង្សារសំណព្វខ្ញុំ ដែលរស់នៅសែនឆ្ងាយដាច់អាល័យវិញ សូមអរគុណចំពោះការជូនពរថ្ងៃកំណើតមុនអ្នកណាទាំងអស់ ព្រោះថានាងបាន Chat មកជូនពរខ្ញុំតាំងពីយប់ថ្ងៃទី ២ ឈានចូលទី ៣ ដែលជាថ្ងៃខួបខ្ញុំមកម្ល៉េះ។ សូមអរគុណណាស់ ព្រោះថាជាការតស៊ូ និងជាសន្តានចិត្តរបស់នាង ដែលខំអត់ងងុយ ជូនពរខ្ញុំនាឪកាសនោះ។ ទំនាក់ទំនងរបស់យើង បានគូសបញ្ជាក់ប្រាប់គ្នាទៅវិញទៅមកតាមរយៈការ Chat ទៅវិញទៅមក រហូតដល់មានការសួរនាំពីសំណាក់ប្អូនស្រីរបស់ខ្ញុំអំពីទំនាក់ទំនងរបស់ខ្ញុំ និងរីយា។ មិនត្រឹមតែប្អូនខ្ញុំទេ មិត្តភក្តិជិតស្និទ្ធខ្ញុំ និងមិត្តនៅលើ Facebook ក៏បានដឹងដែរ ប៉ុន្តែខ្ញុំទេ ដែលមិនដែលស្គាល់សូម្បីតែមិត្តណាម្នាក់របស់គេ។ សរសេរលែងចង់ទៅមុខទៀតហើយ ព្រោះថា នឹកដល់ឈ្មោះអូនបងអួលដើមក.mp3។ ដូចពាក្យគេនិយាយមែន ឆ្នាំថ្មី អ្វីៗក៏ថ្មី ចិត្តគំនិតថ្មី និងប្រហែលសង្សារថ្មីផងក៏មិនដឹង! ចូលមកក្នុងឆ្នាំ ២០១៤ នេះអ្វីៗហាក់ប្រែខុសប្លែកពីធម្មតា ទោះបីជាទំនាក់ទំនងយើងនូវតែស្អិតរមួតយ៉ាងណាក្តី ក៏មានចំណុចអវិជ្ជមានមួយចំនួនកំពុងកើតមានដែរ។ ពីមុនធ្លាប់តែថតរូបបង្ហាញជារៀងរាល់ថ្ងៃ តែឥលូវបើមិនសួរទេ ប្រហែលជាចង់ភ្លេចមុខមនុស្សដែលខ្ញុំស្រឡាញ់ ដែលបាត់មិនបានម្នាក់នេះហើយមើលទៅ។ ប៉ុន្តែខ្ញុំមិនខ្វល់ទេ ព្រោះឲ្យតែបាន Chat ជាមួយមនុស្សដែលខ្លួនស្រឡាញ់ វាគ្រប់គ្រាន់ហើយសម្រាប់បេះដូងកំព្រាមួយនេះ! ខ្ញុំបានសន្យាថានឹងទៅជួបនាង នាកំឡុងបុណ្យចូលឆ្នាំចិននេះ ប៉ុន្តែខ្ញុំក៏ដឹងដែរថាមានភាគរយតិចណាស់ ព្រោះថាទាំងខ្ញុំទាំងនាង សុទ្ធតែត្រូវសែនដូចគ្នា។ ម្យ៉ាងនាងបានប្រាប់ថា បងប្អូនរបស់នាងនឹងទៅលេង ដូច្នេះឲ្យខ្ញុំពន្យាពេលក្រោយចូលឆ្នាំចិនសិនទៅ។ ខ្ញុំក៏យល់ព្រម!
ពិធីបុណ្យចូលឆ្នាំចិនបានមកដល់ យើងទាំងពីរហាក់រវល់រៀងខ្លួន ហើយនាងក៏មិនបាន Chat មកខ្ញុំញឹកញាប់ ដូចមុនដែរ។ ខ្ញុំអាចយល់ពីមូលហេតុនេះ ព្រោះថាចង់ទុកពេលឲ្យនាងមានពេលវេលាជួបជុំសប្បាយជាមួយក្រុមគ្រួសាររបស់គេ។ ថ្ងៃចូលឆ្នាំចិនបានរម្លងផុតទៅ នាយប់ថ្ងៃសៅរ៍ ទី ១ ឆ្នាំ ២០១៤ នេះខ្ញុំគេងមិនលក់សោះ ព្រោះចាំការ Chat ពីមនុស្សម្នាក់ដែលខ្ញុំកំពុងតែនឹកគ្រប់វិនាទី។ ម៉ោង ១ រម្លងអាធ្រាតឆ្លងចូលថ្ងៃអាទិត្យ ទី២ ហើយ ខ្ញុំនៅតែមិនទាន់គេងលក់ទៀត នៅចាំមនុស្សម្នាក់។ ទេវតាពិតជាមិនធ្វើឲ្យមនុស្សខកចិត្តមែន នៅទីបំផុតខ្ញុំក៏ទទួលបានការ Chat ពី រីយា មកមែន។ បងនឹកអូនណាស់ អូនដឹងអត់ យាយា? នាងក៏តបមកវិញនូវពាក្យពេជន៍ដ៏ផ្អែមល្អែម ដោយរំលេចចេញនូវទឹកចិត្តដែលនឹកនាគ្នាទៅវិញទៅមករវាងគូស្នេហ៍មួយគូ ដែលកំពុងតែស្រឡាញ់គ្នាខ្លាំង។ នាម៉ោងប្រមាណជា ៣កន្លះព្រឹកយើងទាំងពីរនាក់ក៏ចូលគេង ព្រមទាំង Chat ចុងក្រោយ៖
រីយា៖ Sweet dream na bdey langh
បាទ
រីយា៖ Love b nas my love
Love pon too. Sleep well na pon. G9
រីយា៖ ចាស bdey!!!
នាព្រឹកថ្ងៃអាទិត្យ ជាទម្លាប់រាល់ពេលភ្ងាក់ពីគេងនាពេលព្រឹក ខ្ញុំតែងតែ Chat ទៅ Good Morning ស្ទើរមិនលោះថ្ងៃណាឡើយ។ ប៉ុន្តែមិននឹកស្មានថា (ចាស bdey!!!) ជា Chat ចុងក្រោយដែលនាងផ្ញើរមកកាន់ខ្ញុំសោះ? ពិតជាមិននឹកស្មាន! ពេញមួយថ្ងៃអាទិត្យនេះ មិនឃើញនាងតបខ្ញុំសោះ ហើយក៏មិនបានឃើញនាង Online ទៀតដែរ។ ចន្ទ អង្គារ៍ ពុធ នៅតែមិនឃើញនាងតប Chat និង online សោះ។ បើថារវល់នឹងបងប្អូន វាមិនអាចទេ ព្រោះពួកគេជាអ្នកភ្នំពេញ ដូចនេះពួកគេនឹងត្រលប់មកវិញនាថ្ងៃចន្ទ យ៉ាងយូរ។ តើមានអ្វីកើតឡើងចំពោះនាងមែនទេ? ខ្ញុំពិតជាបារម្ភពីនាងណាស់ ម្យ៉ាងជិតដល់ថ្ងៃដែលយើងទាំងពីរបានណាត់ជួបគ្នាផង។ មិនឃើញសូម្បីតែ Online ក្នុងអារម្មណ៍របស់ខ្ញុំពិតជាអន្ទះអន្ទែង ណាមួយបារម្ភខ្លាចមានអ្វីកើតឡើង ណាមួយបារម្ភពីនាងព្រោះនាងសុខភាពមិនសូវល្អប៉ុន្មានទេ។ អ្វីដែលខ្ញុំទន្ទឹងរង់ចាំបានផ្តល់មកហើយ! បន្ទាប់ពីខ្ញុំ Offline នាយប់ថ្ងៃពុធ នាថ្ងៃព្រហស្បត្តិ៍ ម៉ោង ១២ យប់ នាងបាន Reply មកខ្ញុំហើយ! O sorry na b រួមជាមួយនឹង Sticker រូបយំមួយ! នេះឬជាអ្វីដែលខ្ញុំរំពឹងថានឹងបានពីមនុស្ស ដែលខ្ញុំស្រឡាញ់ ជំនួសឲ្យពាក្យ អូននឹកបង? ពិតជាគួរឲ្យសោកស្តាយ ដែលការទន្ទឹងរង់ចាំខ្ញុំបានមកវិញ នូវពាក្យសុំទោសបែបនេះ! នាពេលព្រឹកម៉ោង ៦”៣០នាទី ព្រឹកថ្ងៃព្រហស្បត្តិ៍ គ្រាន់តែឃើញ ការតបពីសំណាក់អ្នកជាទីស្រឡាញ់របស់ខ្ញុំបែបនេះភ្លាម ខ្ញុំមានអារម្មណ៍ថាច្របូកច្របល់ខ្លាំងណាស់។ ម្យ៉ាងអារម្មណ៍កំពុងតែពេញស្រឡាញ់ ម្យ៉ាងខ្លាចគេមានថ្មី ព្រោះដូចពាក្យចាស់លោកពោលថា ឃ្លាតកាយ ណាយចិត្ត! ដើម្បីបញ្ជាក់ឲ្យបានច្បាស់ ខ្ញុំខិតខំ Chat ទៅសួរនាងពីហេតុផល ដែលនាងនិយាយបែបនេះ ព្រោះដើម្បីខ្ញុំស្រួលធ្វើការសម្រេចចិត្ត និងធ្វើចិត្តផងដែរ។ នាវេលារសៀលថ្ងៃដដែល នាម៉ោង ៣ រសៀល នាងក៏បានតបមក៖
O sorry na b del tver oy b pibak jet…
O min la or krob kran for b te…
O sorry na b na.
Don’t think too much na b pls eat, sleep , na o worry na
B will understand na..
1
loading...
2O min som oy b forgive o te…O sorry na b..
ទាំងអស់នេះជាហេតុផលដែលខ្ញុំទទួលបាន ក៏ដូចជាពាក្យសម្តី ដែលមនុស្សជាទីស្រឡាញ់របស់ខ្ញុំពោលមកកាន់ខ្ញុំ បន្ទាប់ពីដាច់ទំនាក់ទំនងពីគ្នាត្រឹមតែរយៈពេល ៣ថ្ងៃប៉ុណ្ណោះ! បើជាអ្នកទាំងអស់គ្នាវិញ គិតយ៉ាងណា.mp3???
បន្ទាប់ពីនោះមក នាពេលយប់ថ្ងៃដដែលវេលាម៉ោង ១០ និង ២៥នាទី Chat មួយទៀតបាន Inbox មកខ្ញុំ!
We can still be fri ban men te.. (ពីសង្សារក្លាយជាអ្នកដទៃ.mp3)
ពាក្យមួយឃ្លានេះខ្លីមែនពិត តែពិតជាមានអត្ថន័យជ្រាលជ្រៅ ជ្រៅជាងស្រាផែនដីទៀត!!! ហាសហា សុំសើចមួយ ដើម្បីបន្លប់ទុកខ្លះ!
ពីសង្សារក្លាយជាមិត្ត.mp3 ហេតុអ្វីបានជាទំនាក់ទំនងស្នេហារបស់ខ្ញុំក្រឡាប់ផ្ងារលឿនយ៉ាងនេះ???
នាពេលកំពុងតែសរសេររឿងនេះ ខ្ញុំគួរតែកំពុងតែនៅជាមួយមនុស្សដែលខ្ញុំស្រឡាញ់ កំពុងតែដើរលេង ញាំអីជាមួយគ្នា ដូចគូរសង្សារដទៃ ប៉ុន្តែអ្វីៗបានត្រឹមតែជាការស្រមើស្រមៃរបស់ខ្ញុំតែម្នាក់ឯងប៉ុណ្ណោះ! (ផ្តើមពីអក្សរ ឆ ផ្តាច់ដោយអក្សរ ប.mp3)
ណាស់ហើយ! អ្វីដែលអូនអាចផ្តល់ឲ្យបង គឺត្រឹមតែជាស្នេហាតាមរយៈ Facebook ឬអាចនិយាយបានថាស្នេហាតាមរលកធាតុអាកាស ឬអោយងាយស្តាប់គឺ ស្នេហាខ្យល់ប៉ុណ្ណឹងទេ មែនអត់?
នាងនៅតែបន្ត Chat មកខ្ញុំជាធម្មតា និងនូវតែជា Friend នៅក្នុង Facebook របស់ខ្ញុំនៅឡើយនាពេល ដែលសាច់រឿងនេះកំពុងតែ Post នៅលើ Wall របស់ ភូមិខ្ញុំរីករាយ?
រយៈពេលជិតកន្លះឆ្នាំហើយ ដែលយើងស្គាល់គ្នា នាទីបំផុតដល់ថ្ងៃដែលបែកគ្នា.mp3 ហើយមែនទេ?
ខ្ញុំមិនដឹងថាបញ្ចប់សាច់រឿងយ៉ាងណាទេ ព្រោះថាមិនដឹងបញ្ចប់របៀបយ៉ាងម៉េច!!!
សុំទោសជាពាក្យដ៏គួរសមមួយ ប៉ុន្តែវាជាអាវុធដ៏សាហាវពិសពុលមួយ ដែលអាចសម្លាប់ចិត្តមនុស្សម្នាក់ ដែលស្រឡាញ់អ្នកខ្លាំង!
ចូរចងចាំពាក្យមួយឃ្លានេះចុះ ថ្ងៃណាមួយអ្នករាល់គ្នានឹងយល់ពីអត្ថន័យរបស់វា!!!