ការសន្យាថា មិនបោះបង់គ្នា
ការសន្យាថា ស្មោះនឹងគ្នាជារៀងដរាប
ការសន្យាថា នឹងរៀបការនឹងគ្នា
សន្យាហើយ ម្ត៉េចធ្វើមិនបាន? រាល់ពាក្យអះអាងទាំងនេះ អូននៅចាំបានឬទេ?
ឬក៏វាបានសាបរលាបអស់បាត់ទៅហើយ?
តើ តើសន្យាទាំងនេះនៅមានន័យ និងស្ថិតនៅក្នុងខួរក្បាលរបស់អូនទៀតឬទេ ចាន់ រីយា?
នៅសុខៗ សុំបញ្ចប់ទំនាក់ទំនងជាសង្សារ ហើយសុំធ្វើជាមិត្តវិញ ទាំងមិនទាន់នឹងបានជួបមុខគ្នាមួយវិនាទីសោះនៅឡើយ ថាតើមានទេទំនាក់ទំនងស្នេហាដូចជាខ្ញុំ?
ចំពោះរូបអ្នកវិញ តើអាចទទួលយកវាបានទេ?
អត់ទេ! អត់ទេ! ពិតជាមិនអាចទទួលយកបានទេ! ស្រឡាញ់គ្នារយៈពេល ៥ខែ មកសុំធ្វើសង្សារត្រឹមតែរយៈពេល ៣ថ្ងៃ តើអ្នកណា ដែលអាចទទួលយកភាពបទបែន ដ៏ទាន់ហន់នេះបាន?
នាងបានប្រាប់ខ្ញុំថា ដោយសារតែគ្រួសារ បាននាងសម្រេចចិត្តធ្វើបែបនេះ ប៉ុន្តែមិនបានបញ្ជាក់ពីហេតុផលឲ្យច្បាស់លាស់ឡើយ។ តើនេះឬជាទង្វើរបស់មនុស្ស ដែលតែងតែអួតខ្លួនថា អូនស្រឡាញ់តែបងម្នាក់គត់?
ពិតណាស់ ខ្ញុំក៏ចង់ចោទសួរទៅនាងដែរ ក៏ប៉ុន្តែនាងមិនបានប្រាប់អ្វីដល់ខ្ញុំលើសពីនេះទៀតទេ!
មានអារម្មណ៍ចម្លែកទេ? បើសិន គេចង់បែកពីយើងយ៉ាងទាន់ហន់យ៉ាងនឹង គេគួរតែប្រាប់ពីមូលហេតុឲ្យបានច្បាស់លាស់ ដើម្បីឲ្យខ្ញុំងាយស្រួលនឹងកាត់ចិត្ត ប៉ុន្តែអ្វីដែលគេបន្សល់ទុកឲ្យខ្ញុំ គឺសញ្ញាសួរ (?) ពេញក្នុងខួរក្បាលរបស់ខ្ញុំទៅវិញ។ ក្នុងចិត្តស្ងប់ស្ងាត់ដូចទឹកអណ្តូង បានប្រែទៅជាទឹកដែលកំពុងតែពុះកញ្ជ្រោល អន្ទះអន្ទែង គេងមិនលក់ បក់មិនល្ហើយ រសាប់រសល់តែម្នាក់ឯង។
ក្នុងចិត្តមួយគិតថា ប្រហែលជាខ្លួនខ្ញុំធ្វើអ្វីខុសឆ្គង ដែលមិនអាចឲ្យនាងទទួលយកបាន!
មួយទៀតគិតថា ប្រហែលខ្លួនជាកូនអ្នកមានជីវភាពមិនសូវធូរធារ បានជាគេមិនបេតី ព្រោះប្រហែលជាគេមានទំនាក់ទំនងស្នេហា ជាមួយតតិយជន ដែលកំពុងតែរស់នៅក្បែរគេស្រាប់ក៏មិនដឹង។
អ្វីដែលសំខាន់ គឺបារម្ភពីម្ចាស់ចិត្ត ដែលធ្លាប់តែផ្តោះផ្តងសម្តីតាមរយៈ Facebook មានរឿងមិនល្អកើតមានឡើង។
ណាស់ហើយ! គិតពីគេច្រើនពេកហើយ អាទូអើយ!
អ្វីដែលមិននឹកស្មាន គឺ ចាន់ រីយា ដែលជាអ្នកសុំខ្ញុំបញ្ចប់ទំនាក់ទំនងស្នេហា ហើយជំនួសវិញដោយពាក្យមិត្តនោះ នៅតែបន្ត Chat មកខ្ញុំជាធម្មតា និងពិសេសទៅទៀត នាងនៅតែបន្តប្រើពាក្យសម្តីផ្អែមល្ហែម អូន បងដាក់ខ្ញុំជាធម្មតា។ ប្រាប់តាមត្រង់ទៅចុះ អារម្មណ៍ពិតពេលឃើញនាង Chat មកម្តងៗពិតជាល្អណាស់ ព្រោះវាបានដក់ជាប់នៅក្នុងបេះដូងមនុស្សល្ងង់ម្នាក់នេះតាំងពីថ្ងៃ ដែលយើងស្គាល់គ្នាដំបូងមកម្ល៉េះ ហើយវាបានក្លាយជាទម្លាប់ ដែលមិនអាចខ្វះបានសម្រាប់ខ្ញុំ។ អារម្មណ៍មួយនឹកខឹង នឹងនាង ដែលសុខៗមកសុំបែកគ្នា អារម្មណ៍មួយកំពុងតែត្រេកអរ និងអន្ទះសារ ព្រោះកំពុងតែរង់ចាំម្ចាស់ចិត្ត នាងChat មក។ អារម្មណ៍ស្រឡាញ់ និងអារម្មណ៍ស្អប់កើតមានក្នុងពេលតែមួយ គឺពិតជាច្របូកច្របល់ខ្លាំងណាស់។ ខ្ញុំ និងនាងនៅតែបន្តទំនាក់ទំនងគ្នាជាបន្ត ប៉ុន្តែខ្ញុំបានសួរទៅនាង និងបានសួរមកកាន់ខ្លួនថា តើវាជាអ្វី? ស្នេហា ឬជាមិត្ត? ពិតជាពិបាកបែងចែក ពិបាកធ្វើអារម្មណ៍ ពិបាកធ្វើចិត្តជាអនាក ប៉ុន្តែធ្វើយ៉ាងណាបើបងនៅស្រឡាញ់អូន.mp3?
ពិបាកចិត្តពេក មិនដឹងទៅពិគ្រោះជាមួយអ្នកណា? បើប្រាប់ម៉ាក់ ប្រាប់ប៉ា ខ្ញុំគិតថាវាមិនមែនជាជម្រើសដ៏ល្អទេ ព្រោះថាលោកទាំងពីរមួយថ្ងៃៗនឿយហត់ណាស់ទៅហើយ។ ដោយសារបញ្ហាផ្ទាល់ខ្លួនខ្ញុំមិនចង់ឲ្យគាត់ពិបាកចិត្តដោយសារខ្ញុំទៀតនោះទេ។ ចឹងហើយក៏ដាក់ម៉ារឿង ស្នេហាខ្យល់ ឲ្យវារៀងល្ហើយខួរបន្តិច ប៉ុន្តែនៅតែមិនបានផលសោះ។ ជម្រើសចុងក្រោយ Facebook ជាទីតាំងដែលខ្ញុំបានសម្រេចចិត្តទំលាយនូវការឈឺចាប់ រំលែកនៅភាពតប់ប្រមល់ ដល់មិត្តទាំងឡាយ ទាំងនៅលើ Wall ផ្ទាល់ខ្លួន និងនៅលើ Wall របស់ក្រុម ភូមិខ្ញុំរីករាយ-My Happy Village ផងដែរ ដើម្បីឲ្យមិត្តទាំងឡាយជួយឲ្យជាយោបល់ល្អៗមកកាន់ខ្ញុំ។ យ៉ាងហោចណាស់ក៏ខ្ញុំបានធូរស្បើយបន្តិចដែរ ព្រោះថាមានអ្នកជួយផ្តល់កម្លាំងចិត្ត លើកទឹកចិត្តជាច្រើន ដែលខ្ញុំរៀបរាប់មិនអស់ ហើយឆ្លៀតឪកាសនេះ ខ្ញុំក៏សូមអរគុណដល់មិត្តទាំងឡាយ ដែលជួយលើកទឹកចិត្តឲ្យខ្ញុំមានកម្លាំងចិត្តតស៊ូរស់តទៅទៀត ពិសេសបន្តស្នាដៃសរសេររឿងដើម្បីចែកចាយដល់អ្នករាល់គ្នា ដើម្បីជាចំនីចក្ខុ។ ងាកទៅបងៗ Admin ក្នុងភូមិខ្ញុំរីករាយវិញ ដោយហេតុថាប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំអុកឡុក្នុងក្រុមពេក អ្នកប្រុសតូច ដែលជា Admin បាន Chat មកសួរខ្ញុំ៖
អ្នកប្រុសតូច៖ មានរឿងអីជាមួយ រីយានឹង?
ខ្ញុំ៖ អត់មានរឿងអីធ្ងន់ធ្ងរទេបង! គេសុំបែកតែប៉ុណ្ណឹង!
អ្នកប្រុសតូច៖ អូ! ចឹងទេ?
ខ្ញុំ៖ បាទ!
គាត់មិនបានសួរនាំច្រើនទេ ប៉ុន្តែមូលហេតុដែលគាត់សួរព្រោះថាកាលពេលដែលខ្ញុំមានទំនាក់ទំនងជាមួយនាងភ្លាម ខ្ញុំបានដាក់ In a Relationship ជាមួយនាង នឹងណែនាំនាងឲ្យគាត់ស្គាល់ ហើយនាងក៏ស្គាល់គាត់តាមរយៈ Facebook ដែរ។
ខ្ញុំក៏បន្ត Post នៅក្នុងក្រុមជាបន្ត ព្រោះថាអារម្មណ៍ខ្ញុំពេលនោះគឺច្របូកច្របល់ ប្រៀបទៅនឹងមនុស្សវិកលចរឹត្តលំដាប់ស្តង់ដា ដែលដើរតាមផ្លូវមិនស្លៀកអ្វីទៅហើយ។ មកពីខ្ញុំឆ្កួត ដោយសារសេចក្តីស្នេហាហើយមើលទៅ!
ដូចជាអ្នកវិភាគស្នេហាគេបាននិយាយមែន (ស្នេហាអាចធ្វើឲ្យមនុស្សម្នាក់ ក្លាយជាមនុស្សម្នាក់ផ្សេងក្រៅពីខ្លូនឯងបាន) នៅពេលនេះខ្ញុំបានដឹងពីអត្ថន័យនេះច្បាស់ហើយ។
ដោយឃើញខ្ញុំតាប៉ែរក្នុងក្រុមពេក(មើលទៅ ហាសហា) បង អ្នកប្រុសតូច ក៏បានកោះហៅ រាល់ Admins ក្នុងក្រុមទាំងអស់ និងសមាជិកក្រុមម្នាក់ឈ្មោះ Sophana ចូលរួមក្នុងការជួបជុំមួយនាហាងផឹកស៊ីមួយ ដោយ Post Status មួយហើយដាក់ថា ល្ងាចនេះជួបគ្នានៅម៉ោង ៦ ក្នុងពិធីជប់លៀងលាសង្សារឲ្យអាទូ! (បែកសង្សារជប់លៀងមួយ លូយអត់???)
ពិតមែន នាពេលល្ចាចបានមកដល់ ខ្ញុំ និងបងអ្នកប្រុសតូច ដែលជា MC រៀបរៀងពិធីជប់លៀងបានមកដល់មុនគេ បន្ទាប់មក Sophana ដែលជាកង្ហារក្នុងក្រុម និង Heng Donel និងបង Pav Long Sing បានមកជួបជុំគ្នា។ និយាយគ្នាលេងបណ្តើរ ផឹកបណ្តើរ ក្រោមពន្លឺព្រះច័ន្ទដែលកំពុងតែរះបាំងឆ័ត្រនាលើអាកាសវេហា ប្រៀបបានដូចរូបខ្ញុំដែលកំពុងតែនៅក្នុងវាលវដ្តសង្សារ ក្នុងមនោសញ្ចេតនាដែលមិនច្បាស់លាស់ ប្រៀបបានដូចក្បូននៅកណ្តាលមហាសមុទ្រ មិនដឹងថាទីណាជាគោលដៅ ទីណាជាកោះត្រើយ ដើម្បីសំចត។ ជាការចាប់ផ្តើមផឹកស៊ីដំបូងមិនសូវអីទេ លុះបានរៀងច្រើនបន្តិច ម្នាក់ៗចាប់ផ្តើមបង្វែរកាណុង នឹងដាក់គ្រាប់ពេញៗ ទាំងបួនគោលដៅ បាញ់មកកាន់បុរសសុភាព ដែលកំពុងមានវិបត្តិស្នេហ៍ ឈ្មោះទូ(សុំអួតខ្លួនតិច ក្រែងមានអ្នកគ្រូពេទ្យក្រមុំៗក្នុងភូមិមកជួយពិនិត្យមើលបេះដូងឲ្យ)
មិនមែនមកដើម្បីជួយឲ្យកម្លាំងចិត្តណា គឺមកដុតបន្ថែមនឹង??? គួរឲ្យអាណិតណាស់អាទូអើយ!!! សង្សារបែកឆ្វេង ហើយគេធ្វើបាបទៀត! (hee hee…) និយាយលេងឲ្យធូរអារម្មណ៍បន្តិច ដើម្បីបន្លប់ទុក្ខ
មិនដូចអ្វីដែលខ្ញុំនិយាយទាំងស្រុងនោះទេ ពួកគាត់បានសួរនាំខ្ញុំ ពីមូលហេតុ និងដំណើរដើមចម ហេតុអ្វីបានមានរឿងនេះកើតមាន? ខ្ញុំក៏និយាយរៀបរាប់តាមលំអាន ហើយបង្ហាញភស្តុតាងឲ្យបង Sing មើល! បន្ទាប់ពីបានមើល ហើយគាត់ និង Heng Donel ចាប់ផ្តើមសកម្មភាព Chat ជំនួសខ្ញុំ ព្រោះថាពេលនោះនាងបានកំពុងតែ Chat មកខ្ញុំ។ ខ្ញុំទុកឲ្យពួកគាត់ជាអ្នកជួយចាត់ចែងឲ្យខ្ញុំ ព្រោះថាអារម្មណ៍ខ្ញុំវីវក់អស់បាត់ទៅហើយ លែងដឹងអ្វីខុសឬត្រូវទេ ព្រោះមោបាំង ស្នេហាបិទ ធ្វើឲ្យខ្ញុំខ្វាក់ភ្នែក ខួរក្បាលលែងដំណើរការអស់ហើយ។
បន្ទាប់ពី ពិនិត្យ ពិគ្រោះយោបល់ និងតស៊ូមតិគ្នាចាប់តាំងពីម៉ោង ៧ល្ចាចរហូតដល់ម៉ោង ១២អាធ្រាតមក អង្គសន្និបាត ជប់លៀងលាសង្សារ បានសម្រេច និងឯកភាពលើរាល់ចំនុចដូចមានចែងខាងក្រោម ដើម្បីដាក់ឲ្យខ្ញុំអនុវត្ត៖
• បញ្ឈប់រាល់សកម្មភាពទាំងឡាយ ដែលទាក់ទងនឹងមនុស្សដែលខ្ញុំស្រឡាញ់បំផុត មាននាម ចាន់ រីយា ទាំងស្រុងចាប់ពីម៉ោងនេះតទៅ
• ឈប់គិត ឈប់ខ្វល់ ឈប់ស្រឡាញ់ ឈប់ខូចចិត្ត ឈប់លួចមើល Profile គេ ឈប់ Chat ឈប់នឹកនា ពីបុគ្គលដែលមាននាមដូចខាងលើចាប់ពីពេលចេញការសម្រេចចិត្តនេះតទៅ
• Unfriend ពី Friend Lists នូវបុគ្គលនាម ចាន់ រីយា ចាប់ពីពេលដែលអនុវត្តការសម្រេចចិត្ត
• Block ឈ្មោះខាងលើជាស្ថាពរ
• ការអនុវត្តរាល់មាត្រាខាងលើត្រូវជាបន្ទុករបស់ បុរសអភ័ព្វ ស្មោះស្នេហ៍ ឈ្មោះទូ ចាប់ពីពេលការសម្រេចចិត្តចេញជាផ្លូវការ ឲ្យបានជាដាច់ខាត និងមានប្រសិទ្ធភាព
• ក្នុងការអាក់ខាន មិនបានអនុវត្តមាត្រាណាមួយ ឈ្មោះទូ ត្រូវពិន័យមិនឲ្យយកសង្សារជារៀងរហូត(យកប្រពន្ធបាន ណបងៗ? ហាសហា)
ខ្ញុំគួរបន្ត ឬខ្ញុំត្រូវអនុវត្តតាមស្មារតីរបស់ពិធីជប់លៀងនេះ ដែលបានធ្វើឡើងជាពិសេសសម្រាប់អ្នកដែលទើបតែគេសុំបែកថ្មីថ្មោងដូចជារូបខ្ញុំ?
ម្ខាងជាសង្សារបណ្តូលចិត្ត ដែលមិនទាន់នឹងជួបមុខផង ហើយមិនទាន់នឹងពោលពាក្យបែកដាក់គ្នាឲ្យស្រួលបួលផង?
ម្ខាងជាការសម្រេចចិត្ត ដែលមានប្រសិទ្ធភាព សម្រាប់ជាយន្តការដោះស្រាយវិបត្តិស្នេហានាថ្ងៃខាងមុខ និងជាយាន្តសម្រាប់ចម្លងឲ្យអនាគតខ្ញុំមានភាពស្រស់ត្រកាលឡើងវិញ?
តើខ្ញុំនឹងរើសមួយណា?
ពិតណាស់ ខ្ញុំជាមនុស្សដែលល្ងង់ហៅមិនលឺមែន? បន្ទាប់ពីការជប់លៀងបានបញ្ចប់ ខ្ញុំនៅតែរារែក នឹងមិនទាន់បានសម្រេចចិត្តនៅឡើយទេ! ខ្ញុំក៏បន្តភាពល្ងង់ខ្លៅរបស់ខ្ញុំ ដោយ Post ជា Status ពិបាកចិត្ត នឹងស្នើសុំឲ្យមានការបញ្ចប់សាច់រឿង និងការវិភាគមួយ ធ្វើឡើងទៅលើរឿង ស្នេហាខ្យល់។ អ្នកដែលមានបទពិសោធន៍ស្នេហាជាច្រើន ដូចជា Admin Bong Rith បង ALeak Sweetie បង Black Sun នឹងបងៗ ប្អូនៗផ្សេងៗទៀតដោយមិនបានចាំអស់ បានធ្វើការពន្យល់ណែនាំ និងបកស្រាយឲ្យខ្ញុំយល់។ ពិតជាអរគុណអ្នកទាំងអស់គ្នាណាស់។
ជាចុងក្រោយ សាស្រ្តាចារ្យមហាបរិញ្ញា មហាបណ្ឌិតផ្នែកស្នេហា និងតណ្ហាសាស្រ្តប្រចាំភូមិគឺបង Sing បានធ្វើការវិភាគ និង Post Status ស្តីអំពីរឿង ស្នេហាខ្យល់ ថាគួរបញ្ចប់យ៉ាងណា។ t
loading...
tត្រង់ចំណុចនេះសូមធ្វើការដកស្រង់សម្តីផ្ទាល់របស់គាត់ដោយសង្ខេប៖“មនុស្សស្រី ដែលនិយាយថាខ្លួនមិនល្អគ្រប់គ្រាប់សម្រាប់បុរសម្នាក់ មានន័យថា នាងជានារី ដែលដឹងពីតម្រូវការរបស់មនុស្សប្រុស។ ជារួមមានន័យថា នាងធ្លាប់មានទំនាក់ទំនងស្នេហាពីមុនមករួចហើយ មិនមែនមិនធ្លាប់នោះទេ។ ម៉្យាងវិញទៀត យើងសង្កេតឃើញថាតួស្រីមានបញ្ហានាកំឡុងថ្ងៃចូលឆ្នាំចិន ដូចនេះសូមផ្តាំទៅតួស្រីឈ្មោះ ចាន់ រីយាផងថាមនុស្សប្រុសមិនមែនត្រូវការតែម្យ៉ាងដូចដែលនាងគិតនោះទេ!
បើយោងទៅតាម ការវិភាគរបស់អ្នកជំនាញរបស់យើង ក៏ដូចជាមិត្តភក្តិ និងប្រិយមិត្តនៅក្នុងភូមិខ្ញុំរីករាយ ការសម្រេចចិត្តដែលខ្ញុំត្រូវរើសយក គឺត្រួវចាកចេញឲ្យឆ្ងាយពីនាង ហើយសម្ងំព្យាបាលរបួសបេះដូងដែលប្រេះស្រាំមួយនេះតែម្នាក់ឯង។ វាជាវិធីមួយ ដែលយើងហៅបានថា ជាយុទ្ធសាស្ត្រ ព្រួញមួយបាញ់បានសត្វពីរ ព្រោះថាវាល្អសម្រាប់ខ្ញុំ ដោយខ្ញុំនឹងតាំងចិត្ត តាំងអារម្មណ៍លើការសិក្សា និងការងារ ដែលនឹងត្រូវមានវត្តមានរបស់ខ្ញុំជាអ្នកធ្វើ ពិសេសគឺបើកផ្លូវឲ្យខ្លួនទទួលយកស្នេហា ដែលពិតប្រាកដ អាចនៅក្បែរមនុស្សជាទីស្រឡាញ់ និងទទួលបានភាពកក់ក្តៅពីនារីម្នាក់នោះ។ ម្យ៉ាងគឺតម្រូវតាមចិត្តមនុស្ស ដែលខ្ញុំបានតាំងចិត្តថាស្រឡាញ់លុះគ្រាអវសាន្តជីវិតនោះ ឲ្យគេសមបំណង នឹងមានអ្នកថ្មី ដែលមិនមែនជាមនុស្សដែលល្ងង់ ១០គត់ដូចរូបខ្ញុំនេះផងដែរ។
អ្វីដែលគួរឲ្យសោកស្តាយនោះ គឺថានាពេលឥលូវនេះ នាងមិនបាន Add មកខ្ញុំទៀតនោះទេ បានន័យថាទោះជាខ្ញុំ Post Status ដ៏ឈឺចាប់ក្នុងកម្រិតណាក៏ដោយ ក៏នាងលែងដឹង លែងលឺទៀតដែរ។ អ្វីដែលមិននឹកស្មានទៀតនោះ គឺថានាងបានចាកចេញពីក្នុងក្រុម ភូមិខ្ញុំរីករាយ(My Happy Village) របស់យើងនេះហើយ។ ដូច្នេះទោះបីជាសាច់រឿង ដែលរៀបរាប់ពីសេចក្តីស្នេហាដ៏កម្សត់មួយនេះត្រូវបាន Post នឹង Share រាប់ពាន់ដងទៀតក៏ដោយ ក៏នាងលែងបានមើល និងដឹងអំពីការឈឺចាប់ដែលខ្ញុំកំពុងតែមាន និងទុកសោកនានា ដែលកំពុងតែរុកកួនខ្ញុំជារៀងរាល់ថ្ងៃ រាល់ម៉ោង រាល់នាទី រាល់វិនាទីឥតមានល្ហែរ។ ខ្ញុំគ្រាន់តែសង្ឃឹមថា រឿង អាល័យ នេះនាងបានអាន និងយកទៅពិចារណា ព្រោះថាវាជាកម្រងរឿងស្នេហារបស់ខ្ញុំ និងនាង ចាន់ រីយា ហើយវាក៏ជាអនុស្សាវរីយ៍មួយ និងជាលើកចុងក្រោយបំផុត ដែលខ្ញុំរំលឹករឿងស្នេហារបស់ខ្ញុំ និងនាងដែរ។ សង្ឃឹមថាអ្នកទាំងឡាយ ដែលជាសមាជិកក្តី ជាAdmin ក្នុងភូមិក្តី ជួយចែកចាយ និងShare បន្តដើម្បីឲ្យនាងបានដឹងអំពីជម្រៅចិត្តរបស់ខ្ញុំ ដែលមានចំពោះនាង។ បើមានអភិនិហា ឬអភ្ភូតហេតុពិតមែននៅលើលោកនេះ ខ្ញុំសូមប្រាថ្នាឲ្យនាងប្រែចិត្ត និងគំនិតរបស់នាង ហើយងាកត្រលប់មកសម្លឹងមើលឃើញពីសន្តានចិត្តរបស់បុរសម្នាក់ ដែលកំពុងតែខូចចិត្តដោយសារតែនាង ហើយក៏សង្ឃឹមថានាងបានអានរឿងនេះ។ មិនតែប៉ុណ្ណោះបើសិនជាអាច សូមឲ្យនាងទន់ចិត្ត និងត្រលប់ក្រោយវិញ!!!
ជាចុងក្រោយ ខ្ញុំសូមអរគុណ ដល់អ្នកទាំងអស់គ្នា ដែលបានចំណាយពេលវេលាមកតាមដានរឿងរ៉ាវស្នេហារបស់ខ្ញុំ និងដែលបានជួយដឹង ជួយលឺ និងផ្តល់ជាមតិយោបល់ល្អៗ ហើយណែនាំ ផ្តល់ជាកម្លាំងចិត្តដល់ខ្ញុំ។
ពិសេសសូមថ្លែងអំណរអរគុណដល់បង Pav Long Sing និងបង អ្នកប្រុសតូច ដែលបានផ្តល់ឪកាស និងបង្ហាត់បង្រៀនខ្ញុំ។ ខ្ញុំសង្ឃឹមថា អ្នកទាំងពីរនឹងមានវគ្គសិក្សា និងការអប់រំដែលល្អៗច្រើនជាងនេះទៅទៀតក្នុងការណែនាំខ្ញុំឲ្យដើរឆ្ពោះទៅកាន់គោលដៅមួយដ៏ជាក់លាក់។ ដោយឡែក គឺអរគុណដែលបានបង្កើត ពិធីជប់លៀងលាសង្សារសំណព្វឲ្យខ្ញុំ និងបានជួយបង្កើតការងារជាច្រើនឲ្យខ្ញុំក្នុងគោលបំណងឲ្យខ្ញុំបំភ្លេចនូវសុបន្តិអាក្រក់នេះ។ ពិតជាអរគុណអ្នកទាំងពីរជាអនេកកប្បការ!
អវសាន្ត! យ៉ាងណា ក៏ចុងក្រោយជម្រើសដ៏ល្អនាពេលនេះ គឺបងត្រូវបែកពីអូនហើយ! ដើម្បីអនាគតរបស់អូន និងបំណងប្រថ្នារបស់អូន បងសុខចិត្តធ្វើតាមអូនទៅចុះ! យ៉ាងណាមិញ សូមជូនពរឲ្យអូនឆាប់ទទួលបានមនុស្ស ដែលអូនតែងពោលថាជាមនុស្សដំបូង នឹងស្រឡាញ់ម្នាក់នោះចាប់ពីពេលនេះតទៅរហូតដល់អស់ជីវិត។ នេះជាអ្វី ដែលបងអាចធ្វើបាន ក៏ដូចជាកាដូសម្រាប់ថ្ងៃកំណើតរបស់អូន ដែលនឹងឈានមកដល់នាថ្ងៃទី ០១ ខែមីនា នេះ។ ទោះបងនៅតែមិនអស់ចិត្ត ព្រោះថាសូម្បីតែស្តាប់សម្លេង និងជួបមុខមនុស្សដែលបងបានដាក់ចិត្តស្រឡាញ់ តែម្តងក៏បងមិនមានសំណាង និងឪកាសផង ក៏ប៉ុន្តែបងត្រូវតែបង្ខំចិត្តធ្វើតាមបំណងរបស់អូន!
ចង់ប្រាប់ថា៖ នៅតែស្រឡាញ់អូនដូចដើម.mp3 Chan Riya!!!
!!!END!!!