loading...

on
យប់ព្រហស្បត្តិ ទី៣១ធ្នូ ម៉ោង៩:៣៦នាទី។ស្រីៗពីរនាក់រត់ឆ្លេឆ្លានៅក្រៅបន្ទប់សង្គ្រោះបន្ទាន់។
ខ្ញុំទាញទូរស័ព្ទខលទៅនរណាម្នាក់ដោយអាការៈតក់ក្រហល់។

«អឺយ...បងធាអើយ ម៉េចក៏ក្រលើកម៉្លេះ?»

«លើកឱ្យលឿនទៅ...»ខ្ញុំព្យាយាមចុចពីរបីដងហើយនៅតែមិនមានការឆ្លើយតប។
«គាត់លើកទេសាលី?» នៀនសួរដោយអន្ទះអន្ទែង។

«គាត់អត់លើកទេ!!! យ៉ាប់ហើយ ម៉ាក់ប៉ាវាក៏មិនលើកទូរស័ព្ទ ពេលនេះត្រូវទាក់ទងទៅអ្នកណាទៀត?» ខ្ញុំដើរឆ្លេឆ្លាដូចទាឆាក្ដៅមិននឹង។

“ទ្រឹង!!!!” សំលេងទូរស័ព្ទអាយហ្វូនរោទិ៍ឡើង ខ្ញុំប្រញ៉ាប់លើកទទួលទាំងត្រេកអរតែអារម្មណ៍ភ័យ និងតក់ស្លុតនៅមានមិនបាត់។

«អាឡូបងធា បងមកពេទ្យសមិត្តភូមកបង ម៉ោអាឡូវម៉ោ ឡាទីមានគ្រោះថ្នាក់ហើយ បងមកមើលនាងឥឡូវនេះម៉ោព្រោះខ្ញុំទាក់ទងទៅម៉ាក់ប៉ានាងអត់បានទេ ពេលនេះខ្ញុំចង់កើតឆ្គួតហើយ។»

«អាឡូកញ្ញាជាសាច់ញាតិសពមែនទេ?» ទូរស័ព្ទតប។

«បងធា? បងធាឬអ្នកណាគេនឹង?» ខ្ញុំសួរដោយឆ្ងល់។

«បុរសជាម្ចាស់ទូរស័ព្ទនេះបានគ្រោះថ្នាក់រថយន្តកិនស្លាប់បាត់ទៅហើយពេលគាត់ដើរឆ្លងថ្នល់ សូមកញ្ញាមេត្តាមកយកសពនៅមន្ទីរពេទ្យសមិត្តភូបន្ទប់លេខ២៩អគារCផង។» ចប់សម្ដីខ្ញុំទន់ជង្គង់ដួលលើស៊ីម៉ង់ព្រូស។ ខ្ញុំងើបមុខសម្លឹងទៅអគារCដែលនៅមិនឆ្ងាយប៉ុន្មានពីអគារនេះ។ អីក៏ចៃដន្យម៉្លេះ? តើ...វាជាអ្វីឱ្យប្រាកដ? ឡាទីទើបតែលោតពីលើផ្ទះរបួសគ្រាំក្នុងជិតនឹងស្លាប់ហើយសុធាសង្សាររបស់ជនរងគ្រោះនេះក៏ត្រូវស្លាប់ទៀត។

ខ្ញុំព្យាយាមគិតពីវាស្ទើរផ្ទុះក្បាល។ គឺល្ងាចម៉ិញ ខ្ញុំ ឡាទី និងនៀន បានជួបជុំគ្នានៅក្រោមផ្ទះរបស់នៀន ពួកយើងកំពុងតែនិយាយគ្នាពីនេះពីនោះតាមទម្លាប់យុវវ័យព្រោកប្រាជ្ញពីរឿងគូរស្រករ។ មួយសន្ទុះឡាទីបានឡើងទៅលើផ្ទះដើម្បីផឹកទឹកក៏ស្រាប់តែលោតចុះមកក្រោមដោយមិនដឹងមូលហេតុស្អីបន្តិចសោះ។

«ពុទ្ធោអឺយ! ខ្ញុំសង្ឃឹមថានាងមិនមានរឿងអីកើតឡើងទៅលោកអឺយ!!!» នៀនលើកដៃសំពះបួងសួងទៅលើមេឃតាមទម្លាប់ពុទ្ធិព្រាហ្មណ៍សាសនិក។

«សាលី! បងធាលើកទូរស័ព្ទនៅ?»

«បងធាស្លាប់ហើយ...ហ៊ឺៗ...»

ខ្ញុំតបដោយយំរហេមរហាម។ តាំងពីតូចមកដល់ធំ ខ្ញុំមិនដែលជួបហេតុការណ៍ស្អីចៃដន្យបែបនេះទេ បើតាមកាសែតធ្លាប់អាន តែបើជួបផ្ទាល់បែបនេះគឺមិនដែលសោះតែម្ដង។

«នៀន!គ្នាទៅមើលបងធាមួយភ្លែត ក្រែងម៉ាក់ប៉ាគាត់មិនទាន់ដឹង តិចទៀតគ្នាមកវិញហើយ»។

មកដល់បន្ទប់ដាក់សាកសព ,ខ្ញុំឈរសម្លឹងទៅរាងកាយស្ដូកស្ដឹងឥតវិញ្ញាណដោយក្ដីតក់ស្លុត។ មន្ទីរពេទ្យទាំងមូលស្ងាត់ឱ្យឈឹង ព្រោះយប់ជិតពាក់កណ្ដាលអធ្រាតទៅហើយ។ នាឡិការអេឡិចត្រូនិចបង្ហាញម៉ោង១០:៤៨នាទី។ ខ្ញុំដើរទៅជិតសាកសពដែលកំពិតបែកក្បាលប៉ល់ឡើងខ្ទេចខ្ទីរ ដៃម្ខាងតហរូវដាច់ ធ្មេញបាក់អស់ ក្បាលត្រូវរយះធ្លាយខួរ ពោះវៀនចេញមកក្រៅខ្លះ។ នេះពេទ្យប្រុងមិនរៀបចំឱ្យទេឬ?ឬក៏ខ្លាចគេមិនឱ្យលុយឬយ៉ាងម៉េច? ខ្ញុំទាញទូរស័ព្ទរបស់សុធាដែលដាក់ក្បែរនោះ តែយ៉ាប់ណាស់ ក្នុងទូរស័ព្ទគេមិនបាន save លេខនរណាម្នាក់សោះ។

«លោកអើយជួយផងលោក......»
loading...
សំលេងស្រែកដោយរន្ធត់ពីចម្ងាយបានមកប៉ះនឹងសោតាទាំងទ្វេររបស់ខ្ញុំ។ គឺជាអ្នកសម្អាតអនាម័យទេតើ ហើយគាត់ស្រែកអីក៏ស្រែកម៉្លេះ? ខ្ញុំរត់សំដៅទៅទីនោះ។ ពុទ្ធោអើយ មិនអាចទេ!...នៀន...នៀនត្រូវធ្លាក់ពីជាន់ខាងលើបែកក្បាលដូចគេបោកឪឡឹក។ មិនគិតច្រើនខ្ញុំស្ទុះឱបសាកសពមិត្តសម្លាញ់ទាំងទឹកភ្នែករហាម។

«កើតអីទៅមីង??» ខ្ញុំសួរទៅមីងម្នាក់នោះ។ មីងនោះឆ្លើយដោយកាយវិការ «គឺអំបាញ់ម៉ិញមីងដើេរមកពីសម្អាតបន្ទប់ទឹក មីងដើរកាត់ទីនេះស្រាប់តែប្អូនខាងនេះលោតផ្លោតមកក្រោមបណ្ដាលឱ្យដាច់ខ្យល់ស្លាប់មួយរំពេជ។ អូលោកអើយខ្ញុំព្រឺសម្បុរណាស់។»


ភ្លៀងចាប់ផ្ដើមធ្លាក់ចុះមកខ្លាំងៗដូចមានកំហឹងជាមួយនរណាម្នាក់។ ខ្ញុំនៅអង្គុយឱបសាកសពមិត្តភក្ដិទាំងអារម្មណ៍ច្របូកច្របល់។ ខ្ញុំមិនយល់ពីអ្វីដែលបានកើតឡើងនេះទេ។ ភ្លាមនោះ មានអ្វីម្យ៉ាងរត់វឹងពីក្រោយខ្នង។ ខ្ញុំងាកខ្វាប់តែស្រមោលនោះបាត់ទៅហើយ។ ផ្លេកបន្ទោរបាញ់ប្រាចជះពន្លឺទៅផែនពសុធាបណ្ដាលឱ្យឃើញនូវរាងកាយយ៉ាងប្រាកដរបស់ស្អីម៉្យាង វាធំហើយខ្ពស់កំពស់ប្រហែលនឹងអគារពេទ្យដែលគេតែងហៅថា «ប្រេត» តែវាមានកែវភ្នែកកំណាច ហើយសម្លក់មកខ្ញុំដូចជាចង់ស៊ីសាច់ហុតឈាម។ ភ្លាមនោះមានពន្លឺរថយន្តចាំងជះមករកខ្ញុំ។ ឪពុកម្ដាយរបស់ខ្ញុំបានជួលរថយន្តមួយមកទីនេះ។

«ពុក!ពុកម៉ែមករាជធានីធ្វើអី?» ខ្ញុំសួរដោយភ្ញាក់ផ្អើល ព្រោះមួយឆ្នាំមួយខួបដែលនាងមករៀននៅទីនេះ ពួកគាត់មិនដែលមកលេងខ្ញុំម្ដងណាទេ។ ពួកគាត់មិនឆ្លើយ បែរជាបក់ដៃហៅជំនួសដូចជាប្រញ៉ាប់ខ្លាំង។ ប្រេតនោះមិនដឹងបាត់ខ្លួនទៅទីណា។ ភ្លៀងនៅបន្តធ្លាក់ លាយឡំនឹងសំលេងរន្ទះបាញ់ស្ទើកក្រើកទឹកដីទីក្រុង។ ខ្ញុំទម្លាក់សាកសពហើយរត់ឡើងរថយន្ត។ នៅក្នុងរថយន្តមានមនុស្ស៤នាក់ ឪពុកម្ដាយខ្ញុំ កម្លោះវ័យក្មេងដែលជាអ្នកបើកឡាន និងលោកយាយចាស់សក់ស្កូវព្រោងម្នាក់ដែលតែងខ្លួនដូចជាគ្រូធ្មប់។

«ឆាប់ឡើង នៅសល់ពេលតែ៥៧នាទីទៀតទេ បើពន្យារដល់ម៉ោង១២ អាយុនាងឯងក៏មិនគង់» យាយនោះស្រែកឡើងដោយទះខ្នងអ្នកបើកឡានមួយដៃឱ្យចេញចាកពីមន្ទីរពេទ្យនេះ។ ខ្ញុំអើតមើលសាកសពស្ដូកស្ដឹងរបស់នៀនតាមបង្អួចរត់យន្ត ដែលសាកសពកម្សត់ត្រូវគ្រាប់ភ្លៀងរាប់រយលានតំណក់ធ្លាក់ត្រូវ។ ចេញមកដល់ផ្លូវក្រៅមនុស្សម្នារច្រើនកុះកររាំច្រៀងរង់ចាំ count down ឆ្នាំថ្មីទាំងភ្លៀងធ្លាក់ស្ទើរបែកមេឃ។ រថយន្តបន្តដំនើរទៅមុខយ៉ាងលឿន មួយសន្ទុះក្រោយចេញចាកពីទីក្រុង ផ្លូវដ៏វែងត្រូវងងឹត និងស្ងាត់ឈឹង ឮតែសំលេងគ្រាប់ភ្លៀងធ្លាក់ត្រូវដំបូលរប៉េះរប៉ុះ។

ម៉ែប្រាប់ថាខ្ញុំកំពុងតែមានគ្រោះថ្នាក់ហើយ។

«ថ្ងៃម៉ិញ អញ និងឪឯងចេះតែមានប្រផ្នូលអាក្រក់យ៉ាងម៉េចមិនដឹង ទើបអញ និងគាត់នាំគ្នាទៅផ្ទះយាយសុខដើម្បីឱ្យគាត់មើលឱ្យ គាត់ថាឯងកំពុងត្រូវព្រាយអសុរកាយក្នុងព្រៃតាមយកជីវិត។ អញភ័យពេកក៏ជួលឡានមករកឯងតែម្ដងទៅណា។» ម៉ែចង្អុលទៅយាយនោះបញ្ជាក់ថាគាត់ឈ្មោះយាយសុខ។ យាយសុខប្រាប់ថាបើសិនជាសង្គ្រោះមិនទាន់ទេ ដល់ម៉ោង១២ជាថ្ងៃដាច់ចូលឆ្នាំថ្មី ខ្ញុំច្បាស់ជាស្លាប់មិនខាន។ គាត់ថាពួកខ្ញុំធ្វើខុសអ្វីម្យ៉ាងនឹងលោកយាយម្ចាស់ព្រៃ ទើបពួកគេមកតាមសម្លាប់បែបនេះ។ ដល់ត្រឹមនេះ ខ្ញុំនឹកដល់អនុស្សាវរីយពីម្សឹលដែលទើបនឹងកន្លងទៅថ្មីៗ សំលេងសើចខ្ញៀវខ្ញារ សំលេងស្រែកកញ្ច្រៀវ សំលេង ពាក្យសម្ដីលេបខាយចំអេសចំអាស ការចងចាំវាហូរមកក្នុងខួរក្បាលខ្ញុំ។


«អត់ទេ គ្មានទេ!!!» ខ្ញុំស្រែកមួយទំហឹង ម៉ែស្ទុះមកឱបផ្ដល់ភាពកក់ក្ដៅដល់ខ្ញុំ។ ភ្លៀង រន្ទះបាញ់ផូងផាំងព្រោងព្រាតពេញមេឃ។

គឺរឿងពីម្សឹលប្រាកដជាមូលហេតុនៃសោធនាដកម្មមរណភាពទាំងនេះ។ នៀន ឡាទី ឯងស្លាប់ក៏ដោយសារតែខ្ញុំ និងបងធាមែនទេ? រឿងរ៉ាវពីម្សិល...

ខ្ញុំ នៀន ឡាទីបានបបួលគ្នាទៅដើរលេងលើភ្នំដែលមានព្រៃខ្ពស់ៗ។ បងធាដែលត្រូវជាសង្សារបណ្ដូលចិត្តតែមួយគត់របស់ឡាទីបានសុំចូលរួមជាមួយពួកយើងដែរ ព្រោះមានប្រុសទៅជាមួយបានជាការកក់ក្ដៅដែរ។ ឡាទីស្រលាញ់បងធារបស់នាងដោយស្មោះរហូតដល់ហ៊ានប្រគល់ប្រាណ ហើយជួលបន្ទប់នៅជាមួយគ្នាទៀត តែនរណាទៅប្រាកដទៅថាបុរសកំហូចដូចបងធាស្មោះដៃគូរមួយនឹងមួយឬអត់នោះ។ នៅលើកំពូលភ្នំស្ងាត់ច្រៀប នៀនទម្លាក់កាបូបរបស់ញ៉ាំទៅលើដីលាន់ព្រុស ព្រោះនាងអស់កម្លាំងស្ទើរសន្លប់។ នៅទីនេះមានខ្ទមតូចកញ្ចាស់មួយដែលទ្រុធទ្រោមដើយអន្លើរ។ ក្នុងខ្ទមមានដូនបដិមារដ៏សែនអាក្រក់ក្រវេមក្រវ៉ាមដែលធ្លាប់មានព័ត៌មានចចាមអារ៉ាមខ្លះនិយាយថារូបសំណាកលោកយាយមុខអាក្រក់នោះធ្វើមកពីមាស។
«ឆ្គួតមែន! គិតទៅមនុស្សចំជាឆ្គួតណាស់ បើបិទមាសមែនស្មានតែទុកបានបីថ្ងៃទាន់អី? នែ! ស័ក្ដិសិទ្ធយ៉ាងណាក៏មិនឈ្នះចោរសម័យឥឡូវនេះដែរយាយកញ្ចាស់។» ឡាទីឡកឡឺយដោយថតរូបចម្លាក់នោះ។
loading...