អត្ថបទសុខភាពសិច
loading...
ទ្វាររបើកខ្វាកត្រជាក់ស្រឹប តែធំក្លិនស្រាហួង។ សំឡេងកាហារច្រៀងបទបែបយុវវ័យឮមកស្រួយរមាស់ត្រចៀក។ បន្ទប់ងងឹតឈឹង តែដោយសារទម្លាប់ភ្នែក ខ្ញុំមើលឃើញវាកំពុងអង្គុយលើភ្លៅឧកញ៉ា។ វាសំណាងណាស់ អ្នកណាក៏ដឹងថាវាជាស្រីរបស់ឧកញ៉ាដែរ ឲ្យតែឧកញ៉ាវិធួនមកលេង រកវាមិនដែលខានទេ អីចឹងហើយបានជាវាធ្វើស្រីមែនតែកាន់ iPhone5 តាំងពីចេញដំបូង និងជិះសុទ្ធតែ RX300។
សំឡេងអង្គរក្សម្នាក់នៅមាត់ទ្វារ ខ្ញុំអត់ស្គាល់ឈ្មោះទេនិយាយឮៗលុបលើចម្រៀង៖
-ឧកញ៉ា! មើលអារក្សវានាំស្រីមក!
ម្នាក់ៗងាកស្រមកមើលខ្ញុំប្រហែលគេចម្លែកព្រោះបងវិរៈមិនដែលមានស្រីៗណាអង្គុយជិតបានទេតាំងពីគាត់ចេញមកលេងនៅទីនេះ។ ចំណែកឧកញ៉ា វិធួន សើចស្ញាញឌឺបង វិរៈ ភ្លាម៖
-អាណាគេហ្នឹងអារក្ស! យកមកពីណា!
បងវិរៈ រុញខ្ញុំអង្គុយលើសាឡុងនៅជ្រុងខាងលិចហើយគាត់អង្គុយក្បែរខ្ញុំដែរ។ មាត់គាត់ឆ្លើយតបចៅហ្វាយគាត់៖
-វាមុខដូចអាលាងបង!
ឧកញ៉ាវិធួន សើចសម្លឹងមកខ្ញុំ ចំណែកអង្គរក្សផ្សេងទៀតនៅស្ដាំដៃគាត់ដែលឱបអាទីណាក្នុងដៃនិយាយឡូងៗ៖
-ស្អីអ្ហា៎! អាលាងងាប់យូរហើយនៅនឹកវាទៀត?
ម្នាក់នោះនិយាយចប់ទាញដៃទីណាឡើងរាំទាំងស្រវឹងទ្រេតទ្រោត។ គាត់ឱបថើបអាទីណានៅមុខភ្នែកគេឯងធ្វើហី ហើយអ្នកផ្សេងគិតពីទះដៃបញ្ជោរគាត់។ ម្នាក់នោះកាន់តែស្រវឹង កាន់តែស៊ីជោរ គាត់ក៏បានដៃ លូកបោចសម្រាតខោអាវអាទីណានៅមុខគេឯងតែម្ដង។
អាទីណាប្រហែលស្រវឹងដែរបានជាវាមិនសូវរើ ហើយរាំបន្តផងលើកដៃទាញអាវដែលរហែកនោះផង។ តែខ្ញុំឯណេះរាងអន់ចង់ដែរ ដោយសារខ្ញុំធ្វើ”ស្រី” បាន៦ខែហើយមែន តែមិនដែលធ្វើអីនៅចំពោះមុខមនុស្សច្រើនដល់ថ្នាក់ហ្នឹងទេ។ បើម្នាក់ទល់ម្នាក់ ខ្ញុំចេះតែលេបស្រវឹងប្រឹងឆ្លងឲ្យផុតរកលុយទៅចិញ្ចឹមម៉ែ តែដល់ឲ្យមកធ្វើមុខអង្គរក្ស៤ប្រាំនាក់ ស្រីផ្សេងបីបួននាក់ទៀតខ្ញុំទៅមិនរួចតែម្ដង។
ខ្ញុំក្ដាប់ដៃភ័យ ព្រោះនេះជាលើកទីមួយដែលចូលមកបន្ទប់ឧកញ៉ា ហើយបើធ្វើរឹងរូសឲ្យគាត់ខឹង គាត់ឡូឡា ខ្ញុំគ្មានសង្ឃឹមបានមករកស៊ីនៅទីនេះទៀតដាច់ខាត។
រំពេចនោះដៃមួយរឹងកំព្រឹសលូកមកចាប់ទាញកដៃខ្ញុំ៖
-តោះអាលាងឡើងរាំ!
គាត់នោះមិនមែនបងវិរៈទេ ស្ទុះចេញមកពីណាក៏មិនដឹងផងមកទាញដៃខ្ញុំច្រងាប់ច្រងិលតែត្រូវបងវិរៈទាញមកវិញ។ គាត់និយាយគ្រលរៗ៖
-អ្ហែងស្រវឹងហើយអារ៉ូ!
ម្នាក់នោះគំហកវិញធំក្លិនស្រាចង់ពុល៖
-ម៉េចអ្ហា៎! វាស្រីអ្ហែង ហ្អីអារក្ស! រាំផងមិនបាន?
ឧកញ៉ាឮអីចឹងស៊កឲ្យបងវិរៈភ្លាម៖
-អើអារក្ស យប់នេះឯងដេកជាមួយវា អញកក់បន្ទប់ឲ្យ!
ឧកញ៉ានោះនិយាយផងសើចផង ខ្ញុំស្មានគាត់និយាយលេងព្រោះបងវិរៈមិនដែលយកស្រីទៅដេកទេតាំងពីដើមមក។ មានអីពេលចេញពីច្រៀងគាត់នាំគ្នាបន្តទៅអូតែល ហើយបង្ខំរុញបងវិរៈនិងខ្ញុំចូលបន្ទប់មួយដែរ។
មកដល់ក្នុងបន្ទប់ម៉ោងជាងពីរហើយ។ បងវិរៈដេកផ្ងារចង្គ្រាងលើគ្រែ ទុកឲ្យខ្ញុំនៅទីមទាមម្នាក់ឯងមិនដឹងត្រូវធ្វើអ្វីរកកន្លែងដេកក៏គ្មាន។ ខ្ញុំចូលបន្ទប់ទឹកលាងមុខមាត់ ហើយនឹកសរសើរសំណាងដែលយប់នេះរួចពីហ៊ារ៉ាដូ ដោយសារបានបងវិរៈជួយទាន់ ប៉ុន្តែហោប៉ៅមិនដឹងបានអីទិញអង្ករច្រកឆ្នាំងស្អែកទេព្រោះបងវិរៈ ដឹងតែមិនដេកជាមួយខ្ញុំឡើយ។
ខ្ញុំចេញមកក្រៅវិញយឺតៗថារកសុំបងវិរៈទៅផ្ទះ ស្រាប់តែឃើញគាត់ក្រោកអង្គុយហើយហៅខ្ញុំឲ្យទៅអង្គុយជិតគាត់។ ពេលខ្ញុំទៅដល់ គាត់ឈ្ងោកមើលដើមទ្រូងខ្ញុំ រួចលើកដៃស្ទាបមុខខ្ញុំហើយសើចក្អាកក្អាយ។ គាត់ស្រវឹងថ្នាំហើយ ខ្ញុំដឹង។ ប្រហែលជាពួកគេដាក់ក្នុងកែវគាត់ ព្រោះគេចង់ឲ្យគាត់ដេកជាមួយស្រី ប្រហែលជាសង្សារគាត់ឈ្មោះអាលាងនោះស្លាប់យូរហើយគាត់នៅតែនឹកនាងបានជាពួកគេចង់ឲ្យគាត់ចេះលេងសើចឡើងវិញ។
ពិតជាអីចឹងមែនគាត់ស្ទាបមុខ ស្មា រួចលូកដៃឱបចង្កេះទាញខ្ញុំឲ្យដេកហើយប្រលែងលើខ្លួនខ្ញុំដូចប្រុសៗផ្សេង ដែលខ្ញុំធ្លាប់ជាជួបដែរ។ បងវិរៈខុសពីប្រុសៗមុន ត្រង់ថាគាត់ដេកជាមួយខ្ញុំរួចរាល់មិនងាកទៅដេកលក់ស្រមុកខុលតែឯងទេ តែគាត់ចាប់ឱបខ្ញុំជាប់ជាងមុន គឺឱបពីក្រោយដូចខ្លាចខ្ញុំក្រោកទៅណា ។
ខ្ញុំនៅសំងំស្ងៀមចាំមើល តែខ្ញុំកាន់តែឆ្ងល់ព្រោះគាត់ស្រវឹងថ្នាំតែគាត់និយាយពាក្យដដែលៗក្បែរត្រចៀកខ្ញុំ៖
-អាលាង! អាលាង! បងជិតឈប់ហើយ! បងឈប់ធ្វើហើយ!
គាត់និយាយច្រំដែលដដែលៗរហូតដល់ខ្ញុំក៏គេងលក់។ ភ្លឺច្បាស់បានខ្ញុំភ្ញាក់ឡើងតែអត់ឃើញពួកគាត់ទេ។ ប្រហែលខ្ញុំដេកជ្រុលពេក ព្រោះអូតែលនេះល្អក្រអូបស្រួលខ្លួនដេកដល់ថ្នាក់ពួកគេនាំគ្នាទៅអស់។ ខ្ញុំឃើញលុយ២០ដុល្លារទុកលើតុ។ ខ្ញុំអរណាស់ ទោះបីវាតិចតួចសម្រាប់ស្រីៗនៅក្លិបនេះ តែវាគួរសមហើយសម្រាប់ខ្ញុំ ព្រោះបងវិរៈមិនមែនអ្នកមានលុយច្រើនទេ។ ខ្ញុំស្រាប់តែយល់ថាគាត់ចិត្តបានណាស់។ តាមពិតយប់មិញ គាត់ជួយខ្ញុំ ទោះគាត់អត់ឲ្យលុយខ្ញុំ ក៏ខ្ញុំមិនទារគាត់ដែរ។
ចាប់ពីពេលនោះមក ឲ្យតែបងវិរៈ មកលេងនៅទីនេះចែតែងតែនាំខ្ញុំទៅឲ្យគាត់ហើយឧកញ៉ាហៅស្រីទៅក្រៅ ក៏គាត់នាំខ្ញុំទៅជាមួយរហូត។ ដូចយប់ដំបូងអីចឹងដែរ បងវិរៈដេកឱបខ្ញុំទាល់ភ្លឺហើយថើបកញ្ចឹងកខ្ញុំធ្វើឲ្យខ្ញុំទម្លាប់កក់ក្ដៅហើយចេះមានចិត្តរំភើបពេលបានជួបគាត់។ ក្រោយៗមក ទោះជាគាត់មិនស្រវឹងថ្នាំក៏គាត់ឱបខ្ញុំដេកដដែលតែអត់មាននិយាយអីច្រើនទេ គ្រាន់តែសួរខ្ញុំហេតុអីបានជាធ្វើការហ្នឹង។ ខ្ញុំនិយាយប្រាប់គាត់ពីរឿងមកភ្នំពេញចាញ់បោកគេហើយរឿងម៉ែឈឺ គាត់ប្រាប់ថារឿងប៉ុណ្ណឹងគ្មានអីកម្សត់ទេ មានគេកម្សត់ជាងហ្នឹង១០០ដងទៀត ។ ខ្ញុំគិតថា ប្រហែលជាគាត់ចង់និយាយពីអាលាងរបស់គាត់ហើយ។ ខ្ញុំចង់ឃើញមុខស្រីនោះហើយនឹកច្រណែនថាហេតុអ្វីគេស្លាប់ហើយបានបងវិរៈនឹកយ៉ាងនេះ។ ចំណែកខ្ញុំនៅរស់ជ្រងោគ្មានអ្នកណានឹកអាណិតទេ គេដេកហើយក្រោកចោលជាធម្មតា។
មានម្ដងបងវិរៈមកលេងមុនពេលគាត់ទៅតៃវ៉ាន់ជាមួយឧកញ៉ា ពួកគាត់ប្រញាប់អត់បានហៅស្រីទៅដេកទេ ប៉ុន្តែមុនចេញទៅបងវិរៈលូកហុចលុយឲ្យខ្ញុំ៥០ដុល្លារ។ ខ្ញុំអរណាស់ តែបន្ទាប់ពីបាត់គាត់ខ្ញុំចាប់ផ្ដើមនឹកគាត់រហូត។ ដោយសារពួកគាត់ឧស្សាហ៍មកលេងស្រីៗផ្សេង ពេលស្ងាត់មិនឃើញពួកគាត់មកគេសួរខ្ញុំថា បងវិរៈរបស់អ្ហែងអត់មកទេកាស្រស់? ធ្វើឲ្យខ្ញុំទៅជាចង់យំព្រោះនឹកគាត់ពេក។
ពេលខ្ញុំចេះស្រលាញ់គាត់ខ្ញុំចាប់ផ្ដើមខ្ពើមប្រុសផ្សេង ហើយមិនដែលចេញដេកក្រៅទៀតទេ មានតែអង្គុយចាក់ស្រា និងច្រៀងឲ្យគេយកលុយតក់ៗប៉ុណ្ណោះ។ ចំណែកចែក៏អត់បង្ខំខ្ញុំដែរ ព្រោះដឹងថាខ្ញុំមានបងវិរៈជាម៉ូយដុំហើយ។ ជាងមួយខែបានគាត់មកពីតៃវ៉ាន់វិញ។ គាត់មកលេងអត់មានអីផ្ញើទេ តែខ្ញុំអរខ្លាំងណាស់។ ខ្ញុំសប្បាយចិត្ត ហើយឡើងច្រៀងបទមនោសញ្ចេតនាច្រើនបទ ចង់ប្រាប់ថាក្នុងបេះដូងខ្ញុំមានតែគាត់។ រូបរាងនិងភាពសោះអង្គើយរបស់គាត់បានស្ថិតនៅពេញក្នុងបេះដូងស្រីសោភិនីម្នាក់នេះហើយ។
យប់នោះគាត់យកខ្ញុំទៅក្រៅ ខ្ញុំសប្បាយចិត្តដូចបានឡើងស្ថានសួគ៌។ ខ្ញុំឱបគាត់ស្ទាបអង្អែលទ្រូងគាត់ ព្រោះស្រលាញ់ពេញចិត្ត បន្ទាប់ពីហ្នឹងខ្ញុំស្រក់ទឹកភ្នែក ពេលគាត់ឱបខ្ញុំពីក្រោយខ្នង។ ខ្ញុំខ្លាចថ្ងៃណាមួយគាត់លែងមក តើខ្ញុំតាមរកគាត់នៅឯណាជួបទៅ។ ស្រីលក់ខ្លួនដូចខ្ញុំ មានសិទ្ធិអីទៅស្រលាញ់ប្រុសណាម្នាក់នោះ?
ព្រឹកឡើងពេលគាត់ចូលបន្ទប់ទឹកបាត់ ខ្ញុំដាក់កូនក្រដាសតូចមួយដែលខ្ញុំសរសេរទុកយូរមកហើយចូលក្នុងកាបូបលុយគាត់។ ក្រដាសនោះ ខ្ញុំសរសេរតែពីរជួរគឺខ្ញុំស្រលាញ់បងវិរៈ ហើយមួយឃ្លាទៀតគឺ រាល់យប់ខ្ញុំមិនទៅជាមួយអ្នកណាទេ ខ្ញុំចាំទៅជាមួយបងវិរៈ។
យប់ស្អែកឡើង ខ្ញុំឃើញគាត់មកតែម្នាក់ឯងអត់មានឧកញ៉ាមកទេ។ គាត់ផឹកស្រាមិននិយាយអីទាំងអស់ តែខ្ញុំសប្បាយចិត្តហើយគិតថា គាត់ប្រហែលបានឃើញសំបុត្ររបស់ខ្ញុំហើយ។ ព្រឹកស្អែកឡើងខ្ញុំឆែកកាបូបលុយគាត់ ឃើញគាត់សរសេរក្រដាសមួយវិញថា “យើងហ្នឹងឈប់ធ្វើស្រីទៅ! ចាំបងរកស៊ីចិញ្ចឹម!”។ អក្សរគាត់សរសេរខុសច្រើនណាស់ ខ្ញុំដឹងថាគាត់រៀនបានតិចជាងខ្ញុំទៅទៀត ប៉ុន្តែអត្ថន័យរបស់គាត់ ធ្វើឲ្យខ្ញុំយំរហាមហើយរត់ទៅឱបគាត់ក្នុងបន្ទប់ទឹក។
ខ្ញុំសុំម៉ែឈប់ធ្វើការយប់ ហើយទៅរកការងារនៅរោងចក្រធ្វើហើយបងវិរៈធ្លាប់មកលេងម៉ែម្ដងដែរមុនពេលគាត់លាថាទៅរកស៊ីនៅស្រុកថៃ។ ការងារនៅរោងចក្រពិបាកណាស់ ព្រោះរដ្ឋបាលធ្វើបាបមិនឲ្យនិយាយស្ដី ផ្ទៀងម៉ោងសូម្បីចូលបង្គន់បត់ជើង ហូបចុកមិនគ្រប់គ្រាន់ ប៉ុន្តែដោយមានបងវិរៈនៅក្នុងបេះដូង ខ្ញុំមិនដែលត្អូញត្អែរទេ ខ្ញុំខំធ្វើការទោះលំបាកប៉ុណ្ណា ហើយថែមម៉ោងរហូតដើម្បីសន្សំលុយទុក។
៨ខែកន្លងមក បងវិរៈធ្លាប់ទូរសព្ទមកតែ៦ដងប៉ុណ្ណោះក៏ខ្ញុំនៅតែចាត់ទុកថាគាត់នៅក្បែរខ្ញុំជានិច្ច។គាត់ជាស្នេហាដំបូង និងតែមួយគត់របស់ខ្ញុំ។
តាំងពីចេញពីស្រែមកគេយកខ្ញុំទៅលក់ ហើយខ្ញុំចាប់ផ្ដើមធ្វើការនៅបៀរហ្គាឌិននិងនៅក្លិប។ ខ្ញុំមិនដែលស្រលាញ់ប្រុសណាទេព្រោះប្រុសដែលខ្ញុំឃើញ ភាគច្រើនប្រមឹកអួព្រនួនិងមើលងាយស្រីៗដូចសត្វធាតុ។ បងវិរៈ ជាមនុស្សប្រុសដែលធ្វើឲ្យខ្ញុំនឹកនាចង់បានជាប្ដីនិងចង់បង្កើតគ្រួសារ។ ពេលស្រលាញ់គ្នាគាត់ប្រាប់ថាអាលាងជាគូដណ្ដឹងគាត់ តែនាងស្លាប់ហើយដោយសារជិះឡានឈ្នួលក្រឡាប់។ ខ្ញុំជាស្រីទី២ក្នុងជីវិតគាត់ តែខ្ញុំសង្ឃឹមថាខ្ញុំនឹងក្លាយជាប្រពន្ធរបស់គាត់តទៅ។
ខ្ញុំសន្សំលុយឡើងស្គមខ្លួនបាត់រូបសម្រស់និងចាស់ជាងវ័យ។ បានលុយជាងបីរយដុល្លារ ខ្ញុំឈប់ធ្វើការរោងចក្រ ហើយបើកលក់ខោអាវរោងចក្រនៅជិតម្ដុំផ្ទះជួល។ ខ្ញុំពូកែនិយាយហើយលក់ដាច់ណាស់ រហូតដល់សន្សំដើមបានជិតមួយពាន់ដុល្លារ ទើបឃើញបងវិរៈមកវិញ។
គាត់សក់ខ្លីដូចគេកោរ ស្គមហើយគ្មានមួយបាតមកទេ។ តាមពិតគាត់អត់មានទៅថៃទេ គឺទៅផ្ដាច់ថ្នាំញៀន ព្រោះគាត់ចង់កសាងជីវិតថ្មីជាមួយខ្ញុំ។ ខ្ញុំចិញ្ចឹមគាត់ដោយមានសុភមង្គល ព្រោះគាត់លែងធ្វើការឲ្យឧកញ៉ាព្រោះមិនចង់ផឹកនិងញៀនទៀត។ ឥឡូវនេះខ្ញុំនិងគាត់បើកលក់ខោអាវជជុះផង ស្បែកជើងនិងកាបូបសម្ភារៈប្រើប្រាស់ច្រើនទៀត។ខ្ញុំមានកូនក្នុងពោះ៦ខែហើយបានបងវិរៈជួយលក់ដូរដឹកជញ្ជូនរហូតខ្ញុំមិនពិបាកទេ។
ខ្ញុំសង្ឃឹមថា ពេលអានរឿងនេះហើយ មិត្តអ្នកអាននឹងគូសវាសផ្លូវមួយទុកឱកាសឲ្យអ្នកសាងជីវិតថ្មីពីបាតដៃទទេដូចជាពួកខ្ញុំ ពិសេសអតីតកាលរបស់ខ្ញុំពីរនាក់គ្រាន់តែជារឿងកន្លងហួសតែប៉ុណ្ណោះ៕