loading...

on
១.មិនស្តាយ ខ្ញុំជាអ្នកចូលចិចត្តស្រាវជ្រាវ និងចងក្រងឯកសារខ្លះៗ ពីឆាក​ជីវិត​មនុស្សប្លែកៗ នៅលើផែន​ដី​យើង​នេះ។​ជីវភាពប្រចាំថ្ងៃរបស់នារី​រក​ស៊ីផ្លូវ​ភេទ នារីបម្រើក្នុងខារាអូខេ នារីលក់ស្រាបៀរ ក៏ជាចំណាប់អារម្មណ៍​ទីមួយ​របស់ខ្ញុំដែរ។ ខ្ញុំជាអ្នករស់នៅទីរួមខេត្តកំពង់ធំ មិនដែលមកស្គាល់ទីក្រុង​ទេ។ ទើបតែឆ្នាំនេះទេ ដែលសារឿន នាំខ្ញុំ​មកលេងភ្នំពេញ។ រដូវភ្លៀងមិនទាន់បញ្ចប់នៅឡើយ ហើយបានផ្តល់នូវភាពត្រជាក់ ជាមួយនឹងសំណើមនៃតំណក់ទឹក ដែល​រលឹមស្រិចៗដូចផ្សែងក្រូច។ ប្រពៃ​ណី នៃពិធីបុណអុំទូកបានមកដល់ នាថ្ងៃទីដប់ពីរដប់បី ខែធ្នូ ឆ្នាំពីរពាន់ប្រាំ​ពីរ។​អ្នកភូមិរបស់ខ្ញុំ ជាពិសេសគណៈកម្មាធិការវត្តតែម្តងបានរៀប​ចំយ៉ាង​ប្រ​ យ័ត្នប្រយ៉ែងនូវទំនៀមទម្លាប់ ដើម្បី​​​រក្សាវប្បធម៌យកជ័យជំនះ​​ពីគូប្រ​កួត។​​ ពួកគាត់បានធ្វើពិធីសែនព្រេន ប្រគុំតន្ត្រីបុរាណបញ្ជាន់អារក្ស​តាមប្រ​ពៃណី មុននឹងដាក់ទូកចុះពីបង្គង។ ខ្ញុំ និងសារឿនបាន​បបួល​គ្នាមកលេង​នៅ​ភ្នំពេញដែរ។ តែខ្ញុំមិនមែនចំណុះទូក​ទេ។នេះជាលើកទីមួយហើយ ដែល​​​ខ្ញុំបានមកលេង​ភ្នំពេញ។ ចំណែក​សារឿន​វិញមិនមែនជាលើកទីមួយ​របស់គេទេ គេបាន​ចាត់​ទុកភ្នំពេញជាទីកន្លែងកំណើតទីពីររបស់គេទៅ​ហើយ។ ក្រោមតំណក់ទឹក ដែលមេឃបានបង្អុរតិចៗ និងល្បឿនរថយន្ត ដែលមិនសមនឹងអាយុកាលរបស់វា និង​ដែលផ្ទុកមនុស្សហួសកំណត់ខ្ញុំ និង​សារឿននាំគ្នាឡើងជិះលើដំបូលដើម្បីកាត់បន្ថយការចំណាយខ្លះ។ សារឿន បានយកម៉ូតូ ម៉ាកសេមួយរយម្ភៃប្រាំរបស់គេមកដែរដោយចង​ពី​ក្រោយ​​រថ​យន្ត។ តាមបណ្តោយផ្លូវពីកំពង់ធំមកភ្នំពេញ ខ្ញុំ និង​សារឿន​អង្គុយ​ហាល​​​​ក្តៅ និងហាលខ្យល់លើដំបូលធ្វើឱ្យ​មុខខ្ញុំ និងវាឡើងខ្មៅ​អែរ​ដូចគេ​លាប​ធ្យូង​បាតខ្ទះ។ ប្រមាណជាជាងប្រាំម៉ោងក្រោយមក តាមផ្លូវដ៏រលាក់​ផង​រ​ថ​យន្ត​បាន​នាំ​ពួក​យើងមក ដល់​​ភ្នំពេញដូចបំណង។ នៅស្ថានីយ៍ចតរថយន្តបណ្តោះអាសន្នមុខស្ថានីយ៍រថភ្លើង ក្បែរ​អង្គ​​ភាពរដ្ឋាករទឹកស្វយ័ត្នភ្នំពេញ អ្នកសុំទាន អ្នករត់ម៉ូតូឌុប អ្នករត់រ៉ឺម៉កកង់ នាំគ្នារត់ព្រូមករកពួកយើង។ បុរសសុំទានពិការជើងអាយុជាង៥០ឆ្នាំម្នាក់ រុញមួកសម្រាប់ដាក់លុយកាត់មុខខ្ញុំរួចនិយាយថាអូនសុំមួយរយមក។ ខ្ញុំ​ហៀប​​​​នឹងដកលុយពីហោប៉ៅខោឲ្យទៅបុរសសុំទាននោះ ស្រាប់តែម៉ូតូ​ឌុប​ម្នាក់មកកញ្ឆក់បង្វិចខោអាវពីខ្ញុំរត់​វឹង​ទៅ​ ដាក់លើម៉ូតូគាត់។ ខ្ញុំងាកមើល​ទៅ​អ្នកដទៃគ្មានឃើញអ្នកណាមានប្រតិ​កម្ម​អ្វីសោះ។ ពួកគេធ្វើជាធម្មតា ហាក់​គ្មាន​អ្វីកើតឡើង។ ដោយនឹកក្នុងចិត្តស្មានថាចោរ ខ្ញុំក៏ស្ទុះវឹងតាមពីក្រោយ ទៅចាប់ក្របួចកអាវជាប់ ហើយ​​យារដៃបម្រុងដាល់គាត់មួយដៃ គាត់​បែរ​ជា​និយាយមកកាន់ខ្ញុំវិញ តោះ…។ ខ្ញុំសួរគាត់​វិញ​ថា តោះស្អី? តោះ​ហ្នឹង​ទៅ​ណា? អ្នករត់​​ម៉ូតូឌុប ដែលមានវ័យចាស់ជាងខ្ញុំបន្តិច សួរត្រ​ឡប់​មកខ្ញុំវិញ ចុះ​​ផ្ទះបងនៅណា? បងទៅ​ណា?។ ខ្ញុំប្រាប់ថា ផ្ទះខ្ញុំនៅកំពង់​ធំ ហើយ​ខ្ញុំ​មក​មើលគេអុំទូក។ ខ្ញុំ​សួរ​គាត់វិញថា ហេតុអីក៏កញ្ឆក់ឥវ៉ាន់ខ្ញុំ ដូច​ចោរអញ្ចឹង? គាត់​ថា វាជា​ទម្លាប់របស់គាត់ទៅហើយ ហើយអ្នកដទៃ​មួយ​ចំនួនទៀត ក៏​ធ្វើ​ដូច​គាត់​ដែរ។ គាត់អ្នករត់ម៉ូតូឌុបទាំងអស់ ត្រូវតែចាប់​លេខ​រៀង ឬសម្គាល់​មនុស្ស ដែលកំពុងជិះក្នុងរថយន្ត ដើម្បីចំណាំពេលចុះមកអ្នកនោះត្រូវតែ​ជិះ​ម៉ូតូពួក​គេ។ ម៉ូតូឌុបផ្សេងមិន​អាចដណ្តើមម៉ូយ​ពីពួកគេ​បានទេ។ ខ្ញុំ​ប្រាប់​​គាត់វិញថា ថ្ងៃក្រោយបងកុំធ្វើអញ្ចឹង ការប្រកបរបរនេះ​ជា​សេរីភាព​របស់​បង​ហើយ តែបងធ្វើអញ្ចឹងវាមិនល្អទេ វាដូចជាចោរលួច ចោរ​ឆក់អញ្ចឹង​។
បងត្រូវដឹងថា អ្នកជិះគេមានសិទ្ធិ​ជ្រើសរើស​ម៉ូតូ​ជិះដែរ មិន​មែន​ឲ្យ​ពួកបងជាអ្នកកំណត់ ឬមកឆក់របស់គេទីងណាត់ទីងណែងអញ្ចឹងទេ។ ម្យ៉ាង​​​ទៀតបើ​ភ្ញៀវបរទេសគេមកឃើញ តើបងខ្មាសគេអត់? តើមុខមាត់​ប្រទេស​យើង​ទៅជាយ៉ាងណា?។ ខណៈខ្ញុំកំពុងជជែកជាមួយបងម៉ូតូឌុប សារឿនក៏អូសម៉ូតូមកដល់ ក្រឡេកឃើញសារឿន ខ្ញុំក៏ប្រាប់ទៅបងម៉ូតូឌុបថា បងឃើញទេ ខ្ញុំក៏យក​ម៉ូតូ​​មកជិះដែរ។ អញ្ចឹងបងគួររកវិធីផ្សេង ក្នុងការរកម៉ូយ កុំឲ្យខូចសណ្តាប់​ធ្នាប់សាធារណៈ ឬខូចមុខមាត់ប្រទេសដ៏ថ្លៃថ្លារបស់យើង។ និយាយហើយ ពួកខ្ញុំក៏ជិះម៉ូតូចេញមក ឯបងម៉ូតូឌុបនៅធ្វើមុខស្មឿកហាក់ធុញទ្រាន់​នឹង​ការ​និយាយរបស់ខ្ញុំ។ តែខ្ញុំពិតជាមិនចង់ឲ្យពួកកាត់ធ្វើដូច្នេះទេ ព្រោះ​ធ្វើ​​​ឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងប្រឈមនឹងគ្រោះថ្នាក់​ចរាចរណ៍​ផងដែរ។រាត្រីដំបូងនៃពីធី ខ្ញុំ និងសារឿន បាននាំគ្នាជិះម៉ូតូ​​ដើរត្រេចចរ​យ៉ាងសប្បាយចុះឡើងតាមដងវិថីនានានៃទីក្រុង ដែល​ពោរពេញទៅ​ដោយ​ភ្លើង ចម្រុះពណ៌មនុស្សមកពីគ្រប់ទឹសទី និងមានគ្រប់វណ្ណៈ។នារីៗដែល​​មើល​​​ទៅ​​សាច់ឈាមទ្រលក់ទ្រលន់ ភាគច្រើនជាមនុស្សមកពីតាមបណ្តាខេត្ត​នានា​ដូចខ្ញុំដែរ តែពួកគេមាន​អត្ត​ចរិត​មិនដូចជានារីៗ ដែលរស់នៅ​តាម​បណ្តាខេត្តពិតប្រាកដទេ។ ពួកគេ​ហាក់​ត្រូវបាន និងកំពុងត្រូវបំពុល​ទៅ​ដោយ​វប្បធម៌បរទេស។ពួកគេពាក់​អាវ​យឺតរឹបរាងខ្លីខើច ចេញរន្ធផ្ចិត ខ្លះ​ស្លៀក​​ខោខូវប៊យ ដែលមានសម្រុង​ជើង​​វែង តែលេចចេញចង្វែក​គូទ​កណ្តាលវាលទោះបីមានខ្លះគូទសខ្ចី​គួរ​ឱ្យគ្រឺតខ្នាញ់ និងខ្លះគូទឡើង​គ្រើម​ដូច​​ស្បែក​គង្គក់ និងគួរឱ្យខ្ពើមក្តី។ ឯខ្លះ​ទៀតស្លៀកខ្លីស្ទើរតែ​ដល់​ក្រ​លៀន បង្អួតសាច់របស់ពួកគេដាក់​គ្នា។ ខ្ញុំតែង​តែ​តាមមើល រាល់នារី​ទាំង​នោះ​ឥត​ដាក់ភ្នែក តែសារឿនដែលជើងដើរ​លេង​ភ្នំពេញបានទាញកញ្ឆក់ និងខ្សឹប​ប្រាប់ខ្ញុំថា អ្ហ៊េ…កុំភ្លឹកពេកពួក​នារីៗ​ទាំង​ហ្នឹងកុំឃើញ​ដើរតែ​ឯងៗ​អ៊ីចឹង តែ​ពួកនាងភាគច្រើនមិននៅទំនេរទេ។ខ្ញុំ​មើល​មុខ​សារឿនដោយការខកចិត្ត ព្រោះខ្ញុំគិតថា ក្នុងរយៈបីថ្ងៃ​នៃពីធី​អុំ​ទូក​នេះ ទម្រាំខ្ញុំត្រឡប់​ទៅផ្ទះ​វិញ យ៉ាង​​ហោចក៏ខ្ញុំអាចទាក់ទង ឬរាប់អាន​បាន​​នារី​ដ៏​ស្រស់ស្អាតណាម្នាក់ដែរ។​ តែគួរឱ្យស្តាយមិនដូចបំណងទេ។ សារឿនបានយកម៉ូតូទៅផ្ញើគេនៅក្បែរវត្តភ្នំ រួចនាំខ្ញុំដើរឆ្លងស្ពាន​ជ្រោយ​ចង្វា​ឆ្ពោះទៅកន្លែង​ចំណត​ទូក ដែលមកពីកំពង់ធំ ស្ថិតនៅត្រើយ​ខាង​​​កើត​ទន្លេ​សាប​​ទល់មុខព្រះបរមរាជវាំង។​ នៅ​ចំកណ្តាល​ស្ពានជ្រោយ​ចង្វារ ខ្ញុំឈរ​មើល​ទៅពន្លឺភ្លើងចម្រុះពណ៌តាមដងផ្លូវ នៅឯនាយឆ្ងាយ តាម​មាត់ច្រាំងទន្លេ និងសំឡេងមេក្រូ ដែលគេប្រកូកប្រកាស រកសមា​ជិក​ចំណុះទូក យ៉ាងទ្រហឹងអឺងកង។ ខ្ញុំសែនរំភើបពេក្រៃ ​ពេលមើលឃើញទិដ្ឋ​ភាព​បែបនេះ។ ​ ទិដ្ឋភាពពិត​ជា​គួរឱ្យចង់គយគន់ ទោះ​បីជាកន្លែងខ្លះមើល​ទៅ​ក្រខ្វក់ក៏ដោយ។ ខ្ញុំដើរបណ្តើរងាកមើលទៅគ្រប់​កន្លែង​បណ្តើរ ជាពិ​សេស​មើលទៅអ្នកដំណើរមកពីខេត្ត ដែលកំពុងដើរលើ​ស្ពានដូចជារូបខ្ញុំ។​​ ខ្ញុំ​គិតក្នុងចិត្តថា ទីក្រុងភ្នំពេញ ដែលតាមឯកសារប្រវត្តិសាស្ត្រ​និយាយថា ជាទីក្រុងមួយ ដ៏មានសម្ផស្សល្អ​ដាច់គេកាលពីទសវត្សរ៍ហាសិប និងហុក​សិប​ នៃតំបន់អាស៊ីភាគអាគ្នេយ៍នោះ ពិតជាធ្វើឱ្យបេះដូងរបស់ខ្ញុំកាន់តែ​រំភើប និងមិនអាចបំភ្លេចបាន ទោះបីជាពេលនេះ មើលទៅមាន​សំណង់​ផ្ទះ​អំពី​ឈើប្រក់ ស័ង្កសីរកេតរកូតគ្មាន​សណ្តាប់​ធ្នាប់ និងភាគខ្លះ នៃមាត់ច្រាំង​ទន្លេសាបពោរពេញទៅដោយសំណង់ផ្ទះ និង​បង្គន់​របស់យួនក៏ដោយ។ ខ្ញុំ​ឈរ​​តំអក់យូរបន្តិច ទើបសមត្ថកិច្ចនគរបាល​ការ​ពារគោលដៅទីបី នៃនា​យកដ្ឋាននគរបាលការពារ ឬដែល​គេហៅ​ថា នគរបាលអាបីនោះ មកប្រាប់​ខ្ញុំថាមិនឱ្យឈរលើស្ពាន ។ ជាមួយនឹងកាំភ្លើងអាកាកាត់ស្វាយច្រែះចាប់ គាត់បញ្ជាក់ថា គេ​មិន​អនុញ្ញាតឱ្យឈរយូរពេកនៅលើស្ពានទេ ព្រោះធ្វើឱ្យស្ទះចរាចរជាពិ​សេស​ ខ្លាចក្រុមភារវករបន្លំដាក់គ្រាប់ផ្ទុះបំផ្លាញស្ពាន និងបំផ្លាញបរិ​យា​កាស​​ក្នុង​ពិធីដ៏​មហោឡារឹកនេះ និងសម្លាប់ជីវិតមនុស្សដូចកាល​ពីអតីត​កាល ដែល​បណ្តាលឱ្យស្ពានដែលមានប្រ​វែងជាងប្រាំបី​រយ​​ម៉ែត្រនេះដាច់​ជា​កំណាត់។
ខ្ញុំបានចាកចេញពីកំពែងស្ពានដែលមានរាងជាពាក់​កណ្តាល​រង្វង់ និង​ដែល​​ស្ថិតនៅ​ជិតពាក់​កណ្តាលស្ពាន ទាំងមិនទាន់ដាច់អាល័យ​ពី​ទស្ស​នី​យ៍​ភាពដ៏គួរឱ្យចាប់ចិត្តដិតអារម្មណ៍នេះ។ ឯសារឿន ដែល​ជា​​មនុស្ស​ស្ទើតែ ធុញទ្រាន់នឹងសម្រស់ទីក្រុងភ្នំពេញបានទៅចោលខ្ញុំ ព្រោះ​វាគិតថា ភ្នំ​ពេញ​មិនមែនជាទី ដែល​គួរ​ឱ្យចង់មើលសោះទេហើយអ្វីដែលវាចាប់​អារម្មណ៍​ជាងគេ គឺភ្នំពេញសម្បូរកន្លែងផឹកស៊ីរាំច្រៀង និងកន្លែងលក់ខ្លួនលក់​សម្រស់ លក់ស្នេហារបស់មនុស្សស្រីប្រុស។ ពេលខ្លះវានិយាយថា ភ្នំ​ពេញ​ដូចជាគ្មានស្នេហាពិតប្រាកដទេ គឺសម្បូរ​ទៅ​ដោយស្នេហាទិញដូរ​មួយ​គ្រាៗ ដើម្បីកម្សាន្តការសប្បាយតែប៉ុណ្ណោះ។វានិយាយថា ការសប្បាយជា​មួយ​​នឹង​​សម្រស់ ដែលគ្មានក្តីរំភើប ឬអាចនិយាយថា ស្នេហា ដែលត្រូវការ​តែ​លុយគឺជាស្នេហា ដែលគ្មានរសជាតិ ហើយ​យូរ​ទៅស្ទើតែធ្វើឱ្យជីវិរបស់​វា​ក្លាយ​ទៅជាសម្បកមនុស្ស ដែលគ្មានន័យព្រោះបើចង់សប្បាយទាល់តែ​មាន​​លុយបើគ្មានលុយ គឺគ្មានអ្វីៗទាំងអស់។ ប៉ុន្តែយប់នេះដែរ ក្រោយពី​មក​ដល់​ចំណតទូក ដែលមកពីស្រុកកំណើតខ្ញុំជួបជជែកលេងជាមួយអ៊ុំចាស់ៗ ជា​ច្រើន​នាក់រួចមក សារឿនក្រៅពីរអ៊ូថា ខ្ញុំជា​មនុស្ស​សំរែ វាក៏បាននាំ​ខ្ញុំជិះម៉ូតូ ឱ្យ​ទៅ​ស្គាល់ស្រីៗ ដែលប្រកបរបរលក់សម្រស់ និង​ក្លិន​នៅ​ក្លឹប​កម្សាន្តមួយ។មុនពេលទៅដល់កន្លែងផឹកស៊ី សារឿនឌុបខ្ញុំវង់​ចុះ​​វង់​​ឡើង កាត់​តាម​លូទឹកស្អុយផង ធ្វើឱ្យខ្ញុំស្ទើរដាច់ខ្យល់ ព្រោះតែក្លិនទឹកលូទម្រាំតែទៅ​ដល់ទីនោះ។ មុនពេលមកដល់ ខ្ញុំបានសួរសារឿនថា ឌុបអញទៅណា?។ វាថា អញ​នាំឯង​ទៅមើលភ្លើងស្តាប់ភ្លេងស្ទាបភ្លៅ។ ខ្ញុំភ្ញាក់អារម្មណ៍ព្រើត ព្រោះ​មិនដែលឮ ពាក្យហ្នឹង។ខ្ញុំនឹកក្នុងចិត្តថា ស្អី​ទៅអាមើលភ្លើងស្តាប់​ភ្លេង​​​ស្ទាប​​ភ្លៅហ្នឹង?។ សារឿន បាននាំខ្ញុំមកកាន់​​ភោជនីយដ្ឋានទំនើបមួយ នៅ​តាម​​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ជិតស្តុបចម្ការមន​ដែលមានបន្ទប់​ខារាអូខេវី​អាយ​​ភីឈ្មោះថា មិនស្តាយ។ មុនពេលចេញមក សារឿន និងខ្ញុំបានងូតទឹកដុសសាប៊ូ​ក្រអូប​ស្លៀ​ពាក់​​ខោ​អាវ​បែបទាន់សម័យតឺនុយ​ខោពី ​លើ​អាវ​មើលទៅគួរ​សង្ហា​ដែរ តែ​ពេល​ខ្ញុំ និងសារឿនជិះម៉ូតូឌុបមកដល់មុខភោជនីយដ្ឋាននេះ នៅ​ម៉ោង​​ប្រាំ​ពីរ​កន្លះ​យប់ សន្តិសុខប្រាប់ថាមិនឱ្យចូលទេ ព្រោះគេថា រូបរាងពួកខ្ញុំ​មិន​សមទំនងជាអ្នកមានលុយ ដែលត្រូវចូល​កម្សាន្ត​កន្លែងនេះឡើយ។ សារឿន​​ត្រូវបាក់មុខនៅទីនេះបន្តិច ប៉ុន្តែ ដោយសារភាពប៉ិនប្រសប់ខាងនិយាយ រ៉ាយ​រ៉ាប់​ ប៉ប៉ាច់​​ប៉ប៉ោចរបស់គេនោះ ទីបំផុតគេក៏ព្រមឱ្យខ្ញុំចូលទាំងទើស​ទ័ល។ ខ្ញុំបានរៀបរឹកដើរ​យ៉ាងឡូយថូយចូលទៅក្នុង​ភោជនីយ​​ដ្ឋាន​ដែល​មាន​ ស្រីក្មេងៗឈរចាំទទួលភ្ញៀវ និងជូនទៅបន្ទប់រើសអ្នកច្រៀង។ សារឿន​បានឆ្លើយទៅកាន់​អ្នកនាំ​ភ្ញៀវម្នាក់មិនបាច់ឱ្យគេសួរទាន់ ដោយ​លើកម្រាម​ដៃ​ពីរផង-ពីរនាក់…។ (នៅមានត)
loading...